បើករថយន្តព្រូសបុកទំលុះរបងផ្ទះប្រពលរដ្ឋនិងសំភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ នារីវ័យក្មេង២នាក់បានបើករថយន្ដមួយគ្រឿងម៉ាក Prius មិនប្រុងប្រយត្ន័ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង រួចធ្លាយបុករះសម្ភារៈក្នុងផ្ទះមួយចំនួនរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើកកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ6A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-4485 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋដែលជាអ្នកប្រកបរបបជួសជុលម៉ូតូនៅជាប់ផ្លូវ ព្រមទាំងបុករះសម្ភារៈមួយចំនួនទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស ។
ក្រោយពេលកើតហេតុ នារីទាំង២នាក់ដែលរួមដំណើរជាមួយគ្នាក្នុងរថយន្តបង្ក ត្រូវបានសាច់ញាតិបញ្ចាស់ចេញពីកន្លែងកើតហេតុ ។ រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕