បុរសម្នាក់ជិះម៉ូតូមកពីផ្ទះម្ដាយជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលប្រពន្ធនិងកូនតូចគួរឲ្យសង្វេក
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីផ្ទះម្ដាយត្រូវបុកគ្នាជាមួយរថយន្តបាឡែនផ្លោងដួលកណ្ដាលថ្នល់បណ្ដាលឲ្យរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបើកមកពីក្រោយបុកនិងកិនបន្ថែមពីលើស្លាប់យ៉ាងអាណោចអធម៌ ចោលប្រពន្ធនិងកូនទើបតែអាយុ៣ខែ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃទី១៨ខែវិច្ឆិការឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិរលួសសង្កាត់ ជើងឯក ខណ្ឌដ្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ កង ធី ភេទប្រុសអាយុ២៥ឆ្នាំ មុខរបកម្មករោងចក្រ មានប្រពន្ធនិងកូនតូចអាយុទើបតែបាន៣ខែស្នាក់នៅម្ដុំព្រែកកំពឹស មានស្រុកកំណើតភូមិកណ្ដាល ឃុំស្វាយចេក ស្រុករំដួល ។
បើយោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ឆ្នាំ២០០៤ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង1G-8233 ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ជនរងគ្រោះបានវ៉ារថយន្តមួយគ្រឿងមិនប្រយត្ន័ក៏បុកគ្នាជាមួយរថយន្តបាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ2AM-0989 ដែលធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាចំកង់មុខខាងឆ្វេងពេញទំហឹងបែកកងទៅមុខលែងរួច ចំណែកម៉ូតូជនរងគ្រោះផ្លោងដួលកណ្ដាលថ្នល់ក៏ត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកមិនចាំស្លាកលេខដែលបើកមកពីក្រោយស្របទិសគ្នាជាមួយម៉ូតូបុកនិងកិនថែមបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុគួរឲ្យអាសូរ ហើយរថយន្តបានបើករត់គេចបាត់ស្រមោល ។ បន្ទាប់ពីកើតហេតុបងស្រីនិងប្រពន្ធជនរងគ្រោះបានមកដល់អង្គុយយំសោកស្ដាយប្អូននិងប្ដី គួរឲ្យសង្វេក ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះមកវាស់វែងនិងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបាឡែននិងអ្នកបើកបរ រួមទាំងម៉ូតូងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជួនទៅ ការិយាល័យចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ ៕