Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ពិធីប្រណាំងទូករយៈពេល ២ ថ្ងៃនៅបឹងកន្សែងប្រកបដោយជោគជ័យ ខណៈដែលមានអ្នកចូលរួមទស្សនាប្រមាណជាង ៥ ម៉ឺននាក់

ខេត្តរតនគិរី៖​ រដ្ឋបាលខេត្តរតនគិរី បានរៀបចំប្រារព្ធពិធីប្រណាំងទូកនៅបឹងកន្សែងដែលធ្វើឡើង រយៈពេល ២ ថ្ងៃ ( ១៧,១៨ វិច្ឆិកា ២០១៨ ) ត្រូវបានបញ្ចប់នាល្ងាចថ្ងៃទី ១៨ ប្រកបដោយជោគជ័យ ខណៈដែលរយៈពេល២ថ្ងៃនេះមានប្រជាពលរដ្ឋចូលរួមទស្សនាកំសាន្តសប្បាយប្រមាណជាង៥ ម៉ឺននាក់ »។ នេះបើតាមការបញ្ជាក់ពីលោក ងិន ណែល អភិបាលក្រុងបានលុង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយ
ពេលបញ្ចប់ពិធី ។

អភិបាល ក្រុងរូបនេះបានបន្តថា នេះជាលើកទីមួយហើយដែលរដ្ឋបាលខេត្តរតនគិរីរៀបចំអោយមាន នូវព្រឹត្តិការណ៍ប្រណាំងទូកជាលក្ខណៈប្រពៃណីជាតិ ដើម្បីចូលរួមអបអរសាទរនូវព្រះរាជ ពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ហើយការរៀបចំអោយមានពិធី ប្រណាំងទូក គឺអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដែលបានអោយអាជ្ញាធររាជ ធានីខេត្តទាំងអស់ត្រូវរៀបចំអោយមានទ្រង់ទ្រាយធំតូចតាមលទ្ធភាព ដើម្បីបង្ករលក្ខណៈ សប្បាយរីករាយជូនដល់សាធារណជន ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួម កំសាន្តសប្បាយ និងស្គាល់ពីវប្បធម៌ប្រពៃណីរបស់ជាតិខ្មែរ ។

លោកអភិបាលក្រុងបន្តថា បើទោះបីជាចំនួនទូកដែលចូលរួមអុំមានតែចំនួន ១២ ទូកក៏ដោយ តែប្រជាពលរដ្ឋនៅក្នុង ខេត្តរតនគិរីទាំងមូល ពិតជាមានមោទនភាពណាស់ចំពោះអាជ្ញាធរខេត្តដែលបានរៀបចំ អោយមានព្រឹត្តិការណ៍នេះឡើង ជាក់ស្តែងរយៈពេល ២ ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋមកពី គ្រប់ទិសទីនៅក្នុងខេត្តមកទស្សនាប្រមាណជាង ៥ ម៉ឺននាក់ ។ លោកថាឆ្នាំក្រោយៗទៀត រដ្ឋបាលខេត្តនឹងរៀបចំអោយមានការអុំទូកមានលក្ខណៈទ្រង់ទ្រាយធំ និងមានចំណុះ កីឡាករទូកច្រើនជាងនេះ ។

គួរបញ្ជាក់ថា រយៈពេល ២ ថ្ងៃនេះមានទូកចំនួន ១២ ទូកចូលរួមប្រណាំងដោយ ធ្វើការប្រណាំងផ្លាស់ប្តូរខ្សែទឹកគ្នា ។ ហើយលទ្ធផលទូកដែលទទួលបានជ័យលាភីលេខ១ បានទៅលើទូកបញ្ជាការកងរាជអាវុធហត្ថខេត្តដែលមានឈ្មោះថា រស្មីសែនជ័យ បារមីឥសាន្ត ទទួលបានពាន១និង
ថវិការ ៣ លានរៀល ។ លេខ២បានទៅលើទូកស្រុកអូរជុំ ដែលមានឈ្មោះថា វ៉ារីរតនថងជ័យរស្មីអូរជុំ ទទួលបានពាន១និងថវិកា ២ លានរៀល ។ លេខ៣បានទៅលើទូកក្រុងបានលុងមានឈ្មោះថា បានលុងសែនជ័យបារមីតាជួង ទទួលបានពាន១
និងថវិកា ១លានរៀល ។ ដោយឡែកទូកពុំទទួលបានជ័យលាភីក៏បាន ទទួលថវិកាលើកទឹកចិត្ត ក្នុងមួយទូកៗ ៥០ ម៉ឺនរៀលផងដែរ ៕