បើកបរលឿនក្នុងស្ថានភាពផ្លូវកំពុងជួសជុលមិនប្រយត្ន័រេចង្កូតរអិលធ្លាក់ផ្លូវបុកតូបលក់ដូរក្រឡាប់ផ្ងាជើងបណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់
កោះកុង ៖ បុរសម្នាក់បើករថយន្តម៉ាកWINGLE លឿនមិនប្រយត្ន័រេចង្កូតរអិលធ្លាក់ផ្លូវជ្រុលទៅបុកតូបលក់ដូររបស់ប្រជាពលរដ្ឋក្រឡាប់ផ្ងាជើងបណ្ដាលឲ្យត្រូវស្ត្រីម្ចាស់តូបវ័យជាង៥០ឆ្នាំម្នាក់រងរបួសធ្ងន់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ឋត់នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៥០នាទីព្រឹកថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៨នៅតាមបណ្ដោយផ្លូវជាតិលេខ៤៨ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ត្រង់ចំណុចភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។
អ្នកបើកបររថយន្តបង្កមានឈ្មោះ ណែត នី ភេទប្រុស អាយុ៤០ឆ្នាំ មានទៅលំ ភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះចាន់ លួ ភេទស្រី អាយុ៥១ឆ្នាំបានរងរបួសធ្ងន់ ភ្លាមៗត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងដោយរថយន្ត ម៉ាកWINGLE ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2U- 6410 បើកបរដោយបុរសខាងទិសដៅពីលិចទៅកើតតាមបណ្ដោយផ្លូវជាតិលេខ៤៨ក្នុងល្បឿនលឿនមិនប្រុងប្រយត្ន័ ខណៈស្ថានភាពផ្លូវកំពុងជួសជុល លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតធ្លាក់ផ្លូវក៏ជ្រុលទៅបុកតូបលក់ដូររបស់ប្រជាពលរដ្ឋដែលនៅក្បែផ្លូវបណ្ដាលឲ្យត្រូវចំស្ត្រីម្ចាស់តូបរបួសធ្ងន់ភ្លាមៗត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។
សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការវាស់វែងនិងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលរងចាំដោះស្រាយនៅពេលក្រោយ ។ បន្ទាប់មកសមត្ថកិច្ចបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤៨មេត្តាបើកបរក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ និងចេះអាធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះថាបច្ចុប្បន្នផ្លូវជាតិលេខ៤៨នេះកំពុងធ្វើការជួសជុល ដែលជាហេតុងាយបង្ករអោយមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ៕