បុរសម្នាក់ត្រូវផ្ទះរលំសង្កត់ពីលើស្លាប់គួរឲ្យរន្ធត់
កណ្តាល៖ បុរសវ័យចំណាស់ម្នាក់ដែលជាមេការម៉ៅស្ទួចផ្ទះត្រូវផ្ទះរលំសង្កត់លើស្លាប់យ៉ាងអាណោចអធម៌ នៅកន្លែង កើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៨ នៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ យ៉ុន យួន ភេទ ប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិខ្មែរមុខរបរ មេជាងស្ទូចផ្ទះ មានទីលំនៅភូមិឃុំកើត។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៩ខែវិច្ឆិកា២០១៨ ជនរងគ្រោះ និងកូនជាងជាច្រើននាក់បានទៅម៉ៅការស្ទួចផ្ទះឲ្យឈ្មោះ ស្រេង វ៉ា ភេទ ប្រុស អាយុ៧០ ឆ្នាំមានទីលំនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី។ លុះដល់ថ្ងៃទី២៥ខែឆ្នាំដដែលវេលាម៉ោង៧និង០០នាទីព្រឹកជនរងគ្រោះនិងកូនជាង ជាច្រើននាក់បានទៅធ្វើការស្ទួចផ្ទះបន្តទៀត ហើយបានកាត់ជើងសសរផ្ទះចេញ លុះដល់វេលាម៉ោង០៣និង៣០ នាទីរសៀលផ្ទះនោះ មានសភាពផ្អៀងមួយចំហៀងពេលនោះជនរងគ្រោះបានរត់ទៅមួល ជន្ទល់ដែលធ្វើពីដែកទ្រផ្ទះនោះ តែជាអកុសល់ផ្ទះក៏រលំសង្កត់មកលើជនរងគ្រោះចំចង្កេះនិងឆ្អឹងជំនីបណ្តាលឲ្យស្លាប់នៅកន្លែងគួរឲ្យសង្វេក។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញកោសល្យវិច្ឆ័យបានចុះមកពិនិត្យសពមានស្នាមរលាត់និងជាំនៅឆ្អឹងជំនីខាងឆ្វេង០១កន្លែងនៅចង្កេះ០១កន្លែង(បាក់ឆ្អឹង) បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕