ចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំបានសម្រេចត្រូវម្ដាយនាងប្ដឹងឲ្យសមត្ថកិច្ចចាប់វៃខ្នោះ
រតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកបរកែវ ធ្វើការឃាត់ខ្លួនបន្ទាប់ពីចាប់រំលោភសេពសន្ថវ:លើក្មេងអាយុ៨ឆ្នាំម្នាក់បានសម្រេច រួចម្ដាយក្មេងស្រីបានមកដាក់ពាក្យបណ្ដឹង ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៨នឹង០០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះល្វែងកម្មករស្នាក់នៅ ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។
អធិការនគរបាលស្រុកបរកែវលោក ជួប វណ្ណរក្ស បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហន ហាង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស.យ.ក.ញ អាយុ០៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/ឃុំជាមួយគ្នា ។
លោកអធិការបានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទីងចាក់បានធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យខាងលើយកមកធ្វើការសួរនាំ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវនឹងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕