Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់គ្រាន់តែរឿងចតឡានវាយគេអោយរបួស​រួចដកកាំភ្លើងខ្លីបាញ់គំរាម២គ្រាប់

ភ្នំពេញ៖​ ទាស់សម្ដីគ្នារឿងកន្លែងចតរថយន្តធ្វើឲ្យមន្ត្រីយោធាម្នាក់អាងអំណាច​ វាយជនរងគ្រោះអោយរបួសហើយដកកាំភ្លើងខ្លីបាញ់គំរាម២គ្រាប់ទៀតបង្កការភ័យខ្លាច​ដល់ប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុ​ និងភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច​ ចុះទៅឃាត់ខ្លួនយកមកសួរនាំកាលពី​វេលា​ម៉ោង៨និង៣០នាទីយប់ថ្ងៃទី០១ខែធ្នូឆ្នាំ២០១៨​ នៅ​ចំណុច​ផ្លូវបេតុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលដកកាំភ្លើងបាញ់នេះមាន​ឈ្មោះ គឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាមន្ត្រីយោធា ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌ​ពោធិ៍សែនជ័យ ជាម្ចាស់រថយន្តហាយឡែនឌ័រ ពណ៌ទឹក​ប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​2AA-4485 ដកហូតកាំភ្លើង​ខ្លី ម៉ាករ៉ូឡូមួយដើម។ ជនបង្កម្នាក់ទៀត ឈ្មោះ សួន សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក​ភាគីម្ខាងទៀត ដែលរងគ្រោះមានឈ្មោះ ឆន នាវៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិត្រាចកោះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ជាអ្នកបើកបរ រថយន្តសាំយ៉ុងពណ៌ស្លែ ពាក់ស្លាកលេខ​ភ្នំពេញ2U-3390 រងរបួសពេញមុខ និងបែកក្បាល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា​ មុនកើតហេតុគេឃើញបុរសរងគ្រោះ​ បើករថយន្តសាំយ៉ុង ដឹកជនជាតិចិនមានស្រី មានប្រុស ជាង១០នាក់ មកចូលហាង​ក្បែរកន្លែងកើតហេតុ រួចបើករថយន្តមកចតនៅម្ខាងផ្លូវ។ ស្របពេលនោះ ​បុរសបង្កហេតុបានបើករថយន្តម៉ាកហាយឡែនឌ័រ បានមកចតនៅទីនោះដែរ​ ហើយប្រាប់ទៅអ្នក​បើក​រថយន្តសាំយ៉ុងថា ឲ្យថយក្រោយបន្តិចពីព្រោះកន្លែងដែលចតនេះ ជាចំណតគាត់ជាយូរឆ្នាំមកហើយ ខណៈនោះក៏ចាប់ផ្តើមនូវការប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងខ្លាំង ក្លាយជាផ្ទុះហិង្សា​ ដោយមានបុរសម្នាក់ទៀត ជាអ្នករត់កង់បី ​ស្គាល់គ្នាជាមួយបុរសម្ចាស់រថយន្តហាយឡែនឌ័រ ក៏បានចូលរួមព្រួតវាយ ភាគីខាងរថយន្តសាំយ៉ុងរបួសផ្ទៃមុខ និងបែកក្បាលហូរឈាមជោគខ្លួន ហើយបុរសជាមន្ត្រីយោធា​ បានដកកាំ​ភ្លើងបាញ់គំរាមចំនួន២គ្រាប់បន្ថែមទៀត។

ក្រោយកើតហេតុភ្លាមៗកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅជួយអន្តរាគមន៍​ និងបានឃាត់​ខ្លួនជនបង្កការ​បាញ់បោះសេរី​ យកទៅធ្វើការសួរនាំនិងកសាងសំណុំ​រឿង​ចាត់ការបន្ដតាមនីតិវិធីច្បាប់​ ៕