អធិការខណ្ឌដង្កោបង្ហាញមុខជនសង្ស័យ១០នាក់ក្រោយបង្ក្រាបបានពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់ថ្នាំញៀន
ភ្នំពេញៈ ជនសង្ស័យ១០នាក់រួមទាំងថ្នាំញៀននឹងសម្ភារមួយចំនួន ដែលសមត្ថកិច្ចធ្វើការបង្ក្រាបបាន ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨ ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យទាំង១០នាក់ធ្វើការបង្ក្រាបបានចំនួនបីទីតាំងផ្សេងគ្នានៅក្នុងមូលដ្ឋានខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០១៨ ដោយប្រតិបត្តិការទី១ឃាត់ខ្លួនជនសង្ស័យ៦នាក់កំពុងធ្វើសកម្មភាពជួញដូរនឹងប្រើប្រាស់ថ្នាំញៀននៅភូមិស្រែញ័រ សង្កាត់ពងទឹក នឹងប្រតិបត្តិការទី២កម្លាំងប៉ុស្តិព្រែកកំពឹសធ្វើការល្បាតឃើញជនសង្ស័យម្នាក់កំពុងធ្វើជក់ថ្នាំញៀនក៏ឃាត់តែម្តង ចំណែកប្រតិបត្តិការទី៣ គឺកម្លាំងនគរបាលចូលរួមជាមួយគណៈបញ្ជាការឯកភាពខណ្ឌដង្កោដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនឹងបទល្មើសផ្សេងៗនៅផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ហើយខណៈនោះមានជនសង្ស័យ៣នាក់ជិះកាត់គោលដៅឃើញសង្ស័យ កម្លាំងក៏ឃាត់ឆែកឆេរក៏ឃើញមានថ្នាំញៀនជាប់ខ្លួន ដូច្នេះសមត្ថកិច្ចសម្រេចឃាត់ខ្លួនភ្លាមៗតែម្តង ។
លោកអធិការបន្តថាក្នុងប្រតិបត្តិការទាំង៣ទីតាំងនេះកម្លាំងបានដកហូតវត្ថុតាងបានថ្នាំញៀននឹងសម្ភារមួយចំនួន ។ ដោយបច្ចប្បន្នជនសង្ស័យទាំងអស់កំពុងក្រោមការសួរនាំរបស់កម្លាំងជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីវិធីច្បាប់៕