Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចេញពីព្រលានដើរឆ្លងផ្លូវត្រូវចោរឆក់កាបូបផ្អើលដេញចាប់ផ្តួលម៉ូតូរត់គេចបាត់

ភ្នំពេញ៖ ស្រ្តីម្នាក់ជាមន្រ្តីនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខណៈដែលទើបតែចុះពីលើយន្តហោះ ដើរឆ្លងផ្លូវដើម្បីចូលនាយកដ្ឋានស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់យកកាបូប បានសម្រេចហើយ រត់គេច ត្រូវបានប្រជាពលរដ្ឋឃើញជួយដេញតាម តាំងពីមុខព្រលាន រហូតដល់បរិវេណវត្តតាំងកសាងខាងត្បូង ផ្តួលម៉ូតូ បោះកាបូបចោល លោតរត់ចូលក្នុងត្រពាំងទឹក ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច ធ្វើការឡោមព័ទ្ធ ជុំវិញត្រពាំងទឹក អស់រយៈពេលច្រើនម៉ោងនៅតែរកមិនឃើញជនសង្ស័យ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង​៥០​នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ ផ្លូវសហព័ន្ធរុស្សី មុខអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យគ្រាន់តែដឹងថា គ្នា២នាក់ បានគេចខ្លួនបាត់ ជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ខ្មៅ សេរី២០១៩ គ្មានស្លាកលេខ ដែលជនសង្ស័យផ្តួលចោលនៅមាត់ត្រពាំងទឹក ។ ចំណែកស្រ្តីរងគ្រោះ ឈ្មោះ ឌួង រស្មី អាយុ៤៥ឆ្នាំ ជាមន្រ្តីនគរបាល នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយក្នុងកាបូបដៃយួរ មានលុយជាង១០០០ដុល្លា ឯកសារមួយចំនួន ជនសង្ស័យបោះចោល ហើយយកបានមកវិញ ជនរងគ្រោះអះអាងថាមិនបានបាត់បង់លុយទេ ។

តាមស្រ្តីរងគ្រោះ បានឲ្យដឹងថា គាត់ទើបវិលត្រឡប់មកពីប្រទេសថៃ ចុះពីយន្តហោះ បានដើរឆ្លងផ្លូវក្នុងគោលបំណងចូលនាយកដ្ឋាន ហើយខណៈដែលកំពុងដើរឆ្លងផ្លូវ ត្រូវបានជនសង្ស័យ២នាក់ ជះម៉ូតូនិចមួយគ្រឿង មកឆក់កាបូបដៃយួរ ហើយរត់គេច ជនរងគ្រោះដួលរងរបួសកែងដៃ ។

ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានប្រជាពលរដ្ឋប្រដេញដាម តាំងពីមុខព្រលានយន្តហោះ រហូតដល់ស្រះទឹកវត្តតាំងកសាងខាងត្បួង ផ្តួលម៉ូតូ បោះកាបូបចោល ម្នាក់រត់ឡើងម៉ូតូផ្សេង ម្នាក់រត់ចុះទឹកត្រពាំង ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ទៅឡោមព័ទ្ធ អស់រយៈពេលច្រើនម៉ោង រហូតដល់វេលាម៉ោង៣រសៀលថ្ងៃដដែលនៅតែរកមិនឃើញ ។

ករណីខាងលើ ថ្វីត្បិតតែចាប់ជនសង្ស័យមិនបាន បានម៉ូតូរបស់ជនសង្ស័យមួយគ្រឿង សមត្ថកិច្ចយកទៅរក្សាទុក បន្តការស្រាវជ្រាវ ចំណែកកាបូប សម្ភារៈសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ ៕