Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សិស្សវិទ្យាល័យកោះកុង​ រិះគន់អ្នកគ្រួបង្រៀនម្នាក់​លក់​វិញ្ញាសារថ្លៃកប់ពពក

កោះកុង ៖ សិស្សសាលាវិទ្យាល័យកោះកុង ជាច្រើនកំពុងផ្ទុះការរិះគន់យ៉ាងខ្លាំង ចំពោះអ្នកគ្រូបង្រៀនម្នាក់ ដែលជា​គ្រូបង្រៀនមុខវិទ្យា ពលរដ្ឋ និង សីលធម៌ ក្រោយការលក់​វិញ្ញាសារក្នុង១សន្លឹកតម្លៃដល់ទៅ១ម៉ឺនរៀល ហើយបើសិន​ជាសិស្សណាទៅយកដល់ផ្ទះអ្នកគ្រូគឺ១សន្លឹកតម្លៃ៥ពាន់រៀល ។

បើតាមការលើកឡើងពីសិស្សវិទ្យាល័យកោះកុងបានឲ្យ​ដឹងថា អ្នកគ្រូខាងលើមានឈ្មោះ លឹម សុវណ្ណនី ជាគ្រូប​ង្រៀនថ្នាក់ទី៧A និងត្រូវជាខ្សែខាងប្រធានមន្ទីរអប់រំខេត្ត​កោះកុងផង ហេតុនេះហើយ ទើបបានជាអ្នកគ្រូហ៊ានលក់វិញ្ញាសារថ្លៃកប់ពពកបែបនេះ ដែលជាហេតុធ្វើអោយ​សិស្សក្រីក្រជាច្រើននាក់ពុំមានលទ្ធភាពក្នុងការទិញវិញ្ញាសារមុខវិទ្យាពលរដ្ឋ និងសីលធម៌របស់អ្នកគ្រូនោះទេ ចំ​ពោះអ្នកដែលហ៊ានទិញនោះគឺសុទ្ធតែទិញដោយការបង្ខំចិត្តតែ​ប៉ុណ្ណោះ ។

រឿងរ៉ាវមួយនេះក៏បានផ្ទុះមតិរិះគន់ជាច្រើនពីសំណាក់​មហាជនថា បើសិនជាគ្មានការឃុបឃិតបើកដៃពីនាយកសាលា និង ខាងមន្ទីរអប់រំទេនោះ អ្នកគ្រូរូបនេះគឺពិតជាមិនហ៊ានដល់ថ្នាក់នេះនោះទេ ហេតុនេះហើយរឿងរ៉ាវមួយនេះត្រូវតែខាងនាយកសាលាវិទ្យាល័យ និង ប្រធានមន្ទីរអប់រំ ទទួល​ខុសត្រូវនិងបកស្រាយអោយបានច្បាស់លាស់ ដើម្បីអោយខាងអាណាព្យាបាលរបស់សិស្សទាំងអស់មានទំនុកចិត្តលើ​វិស័យអប់រំ ជាពិសេសអាណាព្យាបាលរបស់សិស្សក្រីក្រ បើ​មិនដូច្នោះទេ វាពិតជាធ្វើអោយសិស្សក្រីក្រមួយចំនួនប្រឈមនូវការបាត់បង់ការសិក្សាដោយសារតែ គ្រួសារពួកគាត់ពុំមានលទ្ធភាពក្នុងការទិញវិញ្ញាសាររបស់គ្រូៗ ។

ជុំវិញការចោទប្រកាន់ខាងលើ ភ្នាក់ងារយើងនៅពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីអ្នកគ្រូ លឹម សុវណ្ណនីបានទេនៅ​ព្រឹក​ថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨​ ព្រោះតេសព្ទ័មិនចូល​ ហើយចំពោះលោក ម៉ែន ស៊ីថាត នាយកសាលាវិទ្យា​ល័យកោះកុងវិញ ភ្នាក់ងារយើងបានទៅដល់សាលា​វិទ្យា​ល័យកោះកុងដើម្បីទំនាក់ទំនងសុំការបំភ្លឺ ដែរ តែលោកគ្រូហាក់ដូចជាមានការគេចវេសពុំចង់បកស្រាយអំពីបញ្ហាមួយនេះទាល់តែសោះ ។

ដោយឡែកលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និង​កីឡាខេត្តកោះកុង បានថ្លែងអោយដឹងថា ចំពោះរឿងរ៉ាវ​ទាំងនេះ លោកបានអោយខាងប្រធានការិយាល័យអប់រំក្រុង និងខាងនាយកសាលាវិទ្យាល័យកោះកុង ហៅ​ខាងអ្នកគ្រូ លឹម សុវណ្ណនី និង សិស្សនោះមកជួបគ្នាដើម្បីជជែករកសាច់រឿងពិត ហើយចំពោះលោកក៏កំពុងតែរងចាំរបាយការណ៍ពីខាងការិយាល័យក្រុងនិងនាយកសាលាដែរ ទើបលោកអាចរកវិធានការដោះស្រាយបាន ហើយបើ​សិនជារកឃើញថារឿងនេះជាការពិតមែននោះ ខាងលោកនិងចាត់វិធានការតាមច្បាប់របស់មន្ទីរ តែបើសិនជារឿងរ៉ាវ​មួយនេះវាមានសភាពធ្ងន់ធ្ងរខ្លាំងលោកអាចនិងបញ្ចប់ក្របខ័ណ្ឌរបស់អ្នកគ្រូនោះផងដែរ ៕