រថយន្តធំដាច់ហ្វ្រាំងចុះពីលើស្ពានបុករះរង្វងមូលនិងរថយន្តម៉ូតូរបួសធ្ងន់និងស្រាល២នាក់
កំពង់ចាម: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តធុនធំមួយគ្រឿងបានដាច់ហ្វ្រាំងបើកចុះពីស្ពានគីហ្សូណា ជ្រុលមកបុកប៉ះខឿនរង្វង់មូលគល់ស្ពាន និងជ្រុលបុករះម៉ូតូ២គ្រឿង រួមនឹងរថយន្តស៊ាំយ៉ុងមួយគ្រឿងទៀតបណ្តាលឲ្យមនុស្សប្រុសស្រី២ នាក់រងរបួសធ្ងន់និងស្រាល។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង២០នាទី យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
អ្នកបើករថយន្តបង្កមានឈ្មោះ លី គឹមលន់ ប្រុសអាយុ ២៩ឆ្នាំនៅភូមិ ថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ
ករណីនេះបង្កឡើងដោយរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A-3812 បានបើកចុះពីលើស្ពានពីកើតទៅលិច ស្រាប់តែដាច់ហ្វាំង ជ្រុលមកបុកប៉ះខឿនរង្វង់មូលគល់ស្ពាន និងជ្រុលបុករះម៉ូតូម៉ាកហុងដាសេ១២៥ ចំនួន២គ្រឿង រួមនឹងរថយន្តស៊ាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-774 មួយគ្រឿង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ២នាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែកតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងរថយន្តម៉ូតូរងគ្រោះទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕