លោកឧកញ៉ា ហូ ចំរើន ត្រូវ តុលាការសម្រេចឃុំខ្លួននៅព្រៃស
ភ្នំពេញ៖ លោក ឧកញ៉ា ហូ ចំរើន ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារព្រៃ សជាបណ្តោះ អាសន្ន ។
លោក សៀង សុខ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានី ភ្នំពេញបានចោទ ប្រកាន់ទៅលើលោកឧកញ៉ា ហូ ចំរើន ពីបទ គំរាមកំហែងសម្លាប់ បទបញ្ញាត្តិមានចែងតាមមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០១៨កន្លង ទៅ មានការផ្ទះអាវុធប្រមាណ៦ ទៅ៧គ្រាប់ បានកើតឡើង នៅក្នុងភូមិគ្រឹះមួយកន្លែង ដែលត្រូវបានគេស្គាល់ថា ជាភូមិគ្រឹះរបស់លោកឧកញ៉ាហូ ចំរើន ដែលត្រូវជាកូន ប្រសាររបស់លោកឧត្តមសេនីយ៍ទោ យិន គារ មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
បន្ទាប់ពីមានការផ្ទុះអាវុធកើតឡើង កម្លាំងនគរបាល រួមជាមួយកម្លាំងអាវុធហត្ថខណ្ឌដង្កោរ បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ប៉ុន្តែពុំមានកម្លាំងណាមួយហ៊ានចូលទៅពិនិត្យដល់ក្នុងភូមិគ្រឹះកើតហេតុឡើយ បានត្រឹមតែឈរក្រៅរបងមុខផ្ទះតែប៉ុណ្ណោះខណះដែលពេលនោះគេសង្គេតឃើញវត្តមានលោកឧត្តមសេនីយ៍ទោយិន គារ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ដែលជាឪពុកក្មេកចេញមុខមករៀបរាប់ ប្រាប់សមត្ថកិច្ចនៅមុខភូមិគ្រឹះ ។
សូមបញ្ជាក់ថា ឧកញ៉ាហូ ចំរើន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ ផ្តល់គោរមងារជា ឧកញ៉ា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ។ ក្រោយត្រាស់បង្គាប់ផ្តល់គោរមងារថ្មី រំលងមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែឧកញ៉ាថ្មីថ្មោងរូបនេះ ប្រព្រឹត្តិទង្វើបាញ់បោះសេរីទៅវិញ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានទូទៅ ពិសេនោះនៅលើ បណ្តាញសង្គមហ្វេសបុក តែម្តង ។
ក្រោយកើតមានអំពើបាញ់បោះ ឧកញ៉ាហូ ចំរើន ពុំត្រូវបានស្ថាប័ន្ថច្បាប់ណាមួយប្រើវិធានការណ៍ផ្លូវច្បាប់ចាត់ការឡើយ ដោយអូសបន្លាយពេលជិត១ខែ ពោលតាំងពីថ្ងៃកើតហេតុ មកទល់នឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ទើបសម្រេចធ្វើការឃាត់ខ្លួន ៕