Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ»

ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ថ្មីៗនេះ ក្រោយពីផ្ទុះរឿងចាប់បង្ខំនារីម្នាក់ឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះ ព្រោះគ្មានប្រាក់បង់ថ្លៃព្យាបាល ដែលធ្វើឲ្យមានការរិះគន់ និងកក្រើកនៅតាមបណ្តាញសង្គម Facebook ។

ក្នុងការប្រកាសបិទមន្ទីរពេទ្យខាងលើនេះ បន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចាត់ក្រុមការងារចុះទៅពិនិត្យនិងស្រាវជ្រាវ ក្រោយទទួលដំណឹងពីករណីនារីម្នាក់ ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យវ៉ិចតូរៀ ហើយខាងមន្ទីរពេទ្យបង្ខំនារីនោះឲ្យវះកាត់ និងបង្ខាំងម្ដាយនារីរងគ្រោះទុកក្នុងមន្ទីរពេទ្យ ដោយសារគ្មានប្រាក់បង់ថ្លៃព្យាបាល ដោយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យ វ៉ិចតូរៀ ដែលស្ថិត​នៅ​ផ្លូវ​លេខ​ ៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សូមបញ្ចាក់ថា ដំបូងនៃរឿងហេតុនោះគឺ នារី​ម្នាក់ បានទៅ​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​តូរៀ ជាមួយ​ម្ដាយ ​​ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​។ បន្ទាប់​ពី​បាន​ពិនិត្យ​រួច ​ស្រាប់​តែ​ខាង​មន្ទីរ​ពេទ្យ​ បាន​ប្រាប់​ឲ្យ​នារី​រងគ្រោះ​​ត្រូវ​តែ​វះកាត់​ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​។ ​ភ្លាមៗ​នោះ​នារី​រងគ្រោះ​ បាន​និយាយ​ថា ​ខ្លួន​គ្មាន​ប្រាក់​ទេ បាន​សុំ​ចេញ​ទៅ​ក្រៅ​វិញ ​ថែមទាំង​សុំ​អង្វរ​ទៀត​ តែ​បែរ​ជា​ខាង​មន្ទីរ​ពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាង​លើ ​ត្រូវ​តែ​ធ្វើ​ការ​វះកាត់​ជា​បន្ទាន់​ ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការ​វះកាត់​ទៀត​ផង។ ភ្លាមៗ​នោះ​ខាង​មន្ទីរ​ពេទ្យ ​បាន​យក​ក្រដាស​១សន្លឹក​​ មិន​ដឹង​ថា ​ជា​សរសេរ​អ្វី​ខ្លះ​នោះ​ទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ​ ផ្ដិត​មេដៃ​។ លុះ​ក្រោយ​ធ្វើ​ការ​វះកាត់​រួច ​ខាង​មន្ទីរ​ពេទ្យ​បាន​យក​វិក្កយបត្រ​បង់​​ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ​ដោយ​អស់​ប្រាក់​ចំនួន​២,០០០ដុល្លារ​ ថ្លៃ​ពិនិត្យ​១០​ដុល្លារ​ ថ្លៃ​ពិសោធន៍​៤៦ដុល្លារ​ ហើយ​ការ​វះកាត់​នេះ​ មិន​ទាន់​ដឹង​ថា​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។

ភ្លាមៗ​នោះ​ម្ដាយ​របស់​នារី​រងគ្រោះ​ គាត់​មាន​ប្រាក់​តែ​៦០០ដុល្លារ​ទេ ​សល់​ប៉ុន្មាន​គាត់​សុំ​រំលួស​ ម្ដង១០០ដុល្លារ តែករណីនេះខាង​មន្ទីរ​ពេទ្យមិនព្រមទេ ទាល់តែ​មាន៥០០ដុល្លារទៀត។ ​ភ្លាមៗ​នោះ​ទ្វារ​របស់​មន្ទីរ​ពេទ្យ ​ក៏ត្រូវ​សន្តិសុខ ​យក​ច្រវាក់​មក​ចាក់​ទ្វារ​មិន​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ឡើយ​។

ក្រោយការវះកាត់ ​នារី​រងគ្រោះ​បាន​មាន​អាការៈ​ឈឺ​ចុក​ចាប់​ខ្លាំង ត្រូវ​ក្រុម​គ្រួសារ​ហៅ​ម៉ូតូ​កង់​បី​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋវិញ និងករណីនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មានចុះទៅធ្វើការផ្សាយផ្ទាក់ព្រោងព្រាតផងដែរ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបងប្អូនអ្នកលេងហ្វេសបុកយ៉ាងខ្លាំងតែម្ដង៕