ស្ត្រីម្នាក់ត្រូវចោរសម្លាប់ប្លន់យកទ្រព្យសម្បត្តិ អស់ប្រហែល៤ម៉ឺនដុល្លា
កណ្ដាល៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត នៅមុខទូរដាក់លុយ ជាតំរុយសមត្ថកិច្ចសង្ស័យថាជាករណីប្លន់សម្លាប់ ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច ស្ថិតនៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ស្ត្រីរងគ្រោះឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរ មេផ្ទះស្នាក់នៅភូមិបឹង ឃុំរកាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល និងមាន ស្រុកកំណើតនៅឃុំស្រៃអំបិល ស្រុកបុទុមសាគរ ខេត្តកោះ សំភារៈដែលបាត់បង់រួមមានលុយដុល្លាចំនួន៣០,០០០ដុល្លារ, លុយខ្មែរចំនួន២លានរៀល, ខ្សែកមាស ២តម្លឹង, ចិញ្ចៀនមាស ៥ជី, ខ្សែដៃមាស ៥ជី។
សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុ ប្ដីរបស់គាត់បានត្រឡប់មកពីធ្វើការវិញ ស្រាប់តែអត់ឃើញប្រពន្ធរបស់គាត់ ភ្លាមៗនោះគាត់បានហៅពីរទៅបីដង តែអត់តបវិញសោះ ហើយទ្វារផ្ទះបើកចំហរទៀត។ គាត់ជា ក៏មិនចាប់អារម្មណ៍ដែរ ហើយគាត់បានចូលទៅក្នុងផ្ទះ ដើម្បីទុកសំភារៈមួយចំនួន រួចក៏ដើរចេញមកវិញ ដើម្បីទៅកាត់សក់ តែពេលទៅដល់ផ្ទះជាង ជាងថារវល់។ ភ្លាមៗនោះគាត់បានធ្វើដំណើរត្រឡប់មកផ្ទះវិញ គាត់បានស្រែកហៅប្រពន្ធម្ដងទៀត តែនៅតែមិនឃើញ ក៏បានដើររកជុំវិញផ្ទះនៅតែអត់ឃើញ ហើយទ្វារផ្ទះនៅតែចំហរដដែល។ មួយសន្ទុះក្រោយមកគាត់បានដើរចូលទៅក្នុងផ្ទះ ហើយបើកទ្វារបន្ទប់ ស្រាប់តែឃើញប្រពន្ធរបស់គាត់បានដេកស្លាប់នៅពីមុខទូរលុយយ៉ាងអាណោចអាធ័ម ពេលនោះគាត់បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយប្រពន្ធគាត់ផង តែប្រពន្ធរបស់គាត់បានបាត់បង់បាត់ជីវិតទៅហើយ ចំណែកឯទូរដាក់លុយ និងគ្រឿងអលង្ការមួយចំនួន ត្រូវបានបាត់បង់គ្មានសល់ឡើយ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕