សមត្ថកិច្ចចាប់បានហើយឃាតកដៃឆៅដែលប្លន់សម្លាប់ស្ត្រីចងការលុយយកទ្រព្យសម្បត្ដិជិត៤ម៉ឺនដុល្លារ
កណ្តាល៖កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការ នគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្តកំពង់ធំ ធ្វើការឃាត់ខ្លួន ស្ត្រីឃាតកដៃឆៅ ដែលសម្លាប់ស្ដ្រីម្នាក់ប្លន់យកទ្រព្យសម្បត្ដិជិត៤ម៉ឺនដុល្លារ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ដ្រីជាឃាតករមានឈ្មោះ សុខ ចាន់ថា អាយុ៣៩ឆ្នាំ ទីលំនៅភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវឃាត់ខ្លួនបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រភពដដែលបានបន្តថា ស្ត្រីឃាតករមានឈ្មោះ សុខ ចាន់ថា បានគេចមកសម្ងំលាក់ខ្លួនក្នុងផ្ទះឈ្មោះ ជួន កុសល់ ភេទប្រុស អាយុ អាយុ៥២ឆ្នាំ នៅភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងពេលឃាត់ខ្លួននោះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ លុយដុល្លារចំនួន៦៣២ដុល្លា និងលុយរៀល៤៦០,០០០រៀល -ខ្សែករលោហធាតុ ពណ៌លឿង១ខ្សែ, ខ្សែដៃលោហធាតុ ពណ៌លឿង ១ខ្សែ (ជារបស់ជនរងគ្រោះ), ម៉ូតូម៉ាកហុងដាង សេរី២០១៧ ពណ៌ខ្មៅ ១គ្រឿង ជារបស់ជនសង្ស័យ រួមនិងឯកសារពាក់ព័ន្ធមួយចំនួន ។
ក្រោយមក ជនសង្ស័យ និងវត្ថុតាង បានប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។
សូមរម្លឹកថា ប្លន់សម្លាប់ស្ត្រីចងការប្រាក់ម្នាក់ យកទ្រព្យសម្បត្តិអស់ជិត៤ម៉ឺនដុល្លារ
ស្ត្រីចងការប្រាក់ម្នាក់ ត្រូវចោរដៃឆៅប្លន់សម្លាប់យកទ្រព្យសម្បត្តិសរុបអស់ជិត៤ម៉ឺនដុល្លារ ហើយគេចខ្លួនដោយសុវត្ថិភាព ខណៈដែលប្តីបានដើរចេញទៅកាត់សក់បាត់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៥ល្ងាចថ្ងៃទី១៤ មករា ២០១៩ ស្ថិតនៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ស្ត្រីរងគ្រោះឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរចងការប្រាក់ មានស្រុកកំណើត ស្ថិតនៅឃុំស្រៃអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង ។ បច្ចុប្បន្នស្នាក់នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ សម្ភារដែរត្រូវបាត់បង់រួមមានទី១ ៖ លុយដុល្លារចំនួន៣០,០០០ដុល្លារ, ទី២៖ លុយខ្មែរចំនួន២លានរៀល, ទី៣ ៖ ខ្សែកមាស២ដំឡឹង, ទី៤៖ ចិញ្ចៀនមាស៥ជី និងទី៥៖ ខ្សែដៃមាស៥ជី ៕