ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្ដសាំងយ៉ុងបុកអូសម៉ូតូជាង៥០ម៉ែត្របណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសស្រាល
ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតរងរបួសស្រាល ក្រោយពីជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្ដសាំងយ៉ុងមិនស្គាល់ស្លាកលេខ បើកបុកពីចហៀងពេញទំហឹង រួចបើកគេចខ្លួនបាត់ ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចមុខក្រុមហ៊ុនលក់រថយន្ត Mecerdez ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះមានឈ្មោះ ស៊ឹម សុម៉ារ៉ា អាយុជិត៥០ឆ្នាំ មុខរបបគ្រូបង្រៀន រស់នៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមសម្ដីស្ត្រីដែលរងរបួសស្រាលនិងអ្នកឌុបជនរងគ្រោះ ដែលស្លាប់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូគុបមូលមួយគ្រឿងដែលពាក់ ស្លាកលេខភ្នំពេញ 1AR-4903 បានឌុបស្ត្រីរងគ្រោះដែលស្លាប់ ធ្វេីដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចផ្លូវកែង៣០ម៉ែត្រ មុខក្រុមហ៊ុនលក់រថយន្ត Mecerdez ជាកន្លែងកេីតហេតុ ក៏បានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តសាំយ៉ុងពណ៌ស មួយគ្រឿង (មិនចាំស្លាកលេខ) បានបើកបរក្នុងទិសដៅពីត្បូងមកជើង( បញ្ច្រាស់ទិស) ក្នុងល្បឿនយ៉ាងលឿន បានបុកពីចហៀងពេញទំហឹងបណ្ដាលឲ្យគាត់ទាំង២នាក់ ផ្លោងខ្ទាតធ្លាក់ពីលើម៉ូតូជាង៥០ម៉ែត្រ ធ្វើឲ្យស្ត្រីដែលជិះពីក្រោយ បានខ្ទាតផ្លោងបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតអ្នកដុបរងរបួសស្រាល ។ ភ្លាមនោះដែររថយន្តបង្កបានបើកគេចបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញមកវាស់វែង និងធ្វើកំណត់ហេតុប្រគល់សពស្ត្រីរងគ្រោះអោយទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូយកទៅរក្សាទុកនៅ
អធិការដ្ឋានខណ្ឌមានជ័យ រងចាំយកឯកសារប្រគល់អោយវិញ និងស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយតាម ផ្លូវច្បាប់ ៕