ក្រុមហ៊ុន អឿន សុវណ្ណ លួចកាប់បំផ្លាញព្រៃឈើ នៅស្រុកឆែប និងស្រុកជយ័សែន ខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ យោងតាមប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមហ៊ុន អឿន សុវណ្ណ មានអាជ្ញាប័ណ្ណប្រមូលទិញ ឈើពីក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច ដែលមានទំហំជាង៤០០០ហិកតានៅក្នុងស្រុកឆែប និងស្រុកជ័យសែន ប្រភពប្រជាសហគមន៍ និងអង្គការការពារបរិស្ថាន បានឲ្យដឹងថា ក្នុងដីសម្បទាននោះ គ្មានព្រៃឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតទេ ប៉ុន្តែក្រុមហ៊ុន អឿន សុវណ្ណ បានប្រើប្រាស់អាជ្ញាប័ណ្ណចាស់ បានបញ្ជុះបញ្ជូល ប្រជាពលរដ្ឋ ចូលទៅកាប់ក្នុងព្រៃដែនអភិរក្សព្រះរកា ហើយដឹកជញ្ជូនចូលមកទីតាំងក្រុមហ៊ុនរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់។
ទង្វើរបស់ក្រុមហ៊ុន អឿន សុវណ្ណ នេះត្រូវបានប្រជាសហគមន៍ការពារព្រៃឈើ រស់នៅស្រុកឆែប និងស្រុកជយ័សែន មានការឃុបឃិតជាប្រព័ន្ធពីថ្នាក់ខេត្ត ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម និងមេរដ្ឋបាលព្រៃផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនមកដល់សព្វថ្ងៃនេះ។
ប្រជាសហគមន៍ការពារព្រៃព្រះរកា ក្នុងស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ បានឲ្យដឹងថាមួយរយៈចុងក្រោយនេះក្រុមហ៊ុន អឿន សុវណ្ណ កំពុងបង្កើនសកម្មភាពប្រមូលទិញឈើពីប្រជាពលរដ្ឋ និងពីក្រុមជនល្មើសដែលចូលទៅកាប់ដឹកជញ្ជួនពីព្រៃព្រះរកា កាន់តែច្រើនឡើងៗ នៅពេលប្រមូលទិញបានច្រើន ក្រុមហ៊ុន អឿន សុវណ្ណ បានអារច្រៀករួចដឹករួចដឹកជញ្ជូនទៅចែកចាយតាមដេប៉ូ និងតាមបណ្ដាខេត្ត ដូចជាខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងសុខស្រួល។
អាជ្ញាធរជំនាញខេត្តព្រះវិហារ ធ្វើមិនដឹងមិនខ្វល់ពីសម្បត្តិជាតិ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ រាប់សែនលានដុល្លារ ហើយសមត្ថកិច្ចនៅតាមដងផ្លូវនាំគ្នាសម្ងំទទួលផលប្រយោជន៍ ពីក្រុមហ៊ុន អឿន សុវណ្ណ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់អោយតែបានលុយជាការស្រេច។
សេចក្ដីរាយការណ៍ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន សំអឿន សុវណ្ណ បង្កើនសកម្មភាពប្រមូលទិញឈើដែលពលរដ្ឋចូលទៅកាប់ដឹកជញ្ជូនចេញពីព្រៃព្រះរកា យ៉ាងរលូន។
បញ្ហានេះបង្ហាញឲ្យឃើញថាលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដូចជាគ្មានបទបញ្ជាក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងក្លាយជារឿងចំរូងចំរះយ៉ាងក្តៅគគុគព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធកំពុងឃុបឃិតគ្នាឲ្យក្រុមហ៊ុនសំអឿន សុវណ្ណ បន្តសកម្មភាពបំផ្លាញព្រៃព្រះរកា យ៉ាងមហន្តរាយ។
ប្រជាពលរដ្ឋនៅស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ បានអំពាវនាវឲ្យ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជ្ញអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណះកម្មាបង្ក្រាបថ្នាក់ជាតិ ចុះពិនិត្យ និងស៊ើបអង្កេតមន្ត្រីក្រោមឱវាទ ដែលពាក់ពន្ធ័ឲ្យមានបទល្មើស ( ក្នុងភូមិសាស្ត្រខាងលើ )បើពុំនោះទេក្រុមមេឈ្មួញឧក្រិដ្ឋជន នៅតែឈ្លៀតឱកាស នៅតែបន្តសកម្មភាពធ្វើព្យុះធ្វើភ្លៀងយ៉ាងគគ្លើន និងកុំឲ្យនៅក្រៅសំណាញ់ច្បាប់ ៕