ឡានទឹក២០គ្រឿង ដាក់ពង្រាយ៨គោលដៅសម្រាប់ចេញជួយអន្តរាគមន៍លេីគ្រោះថ្នាក់អគ្គិភ័យក្នុងអំឡុង ចូលឆ្នាំចិន
ភ្នំពេញ៖ មន្ត្រីនគរបាលនៃអង្គភាពពន្លត់អគ្គីភ័យរាជធានីភ្នំពេញឱ្យដឹងថា បានត្រៀមកម្លាំងជាច្រើននាក់ព្រមទាំងរថយន្តពន្លត់អគ្គិភ័យចំនួនជិត២០គ្រឿង សម្រាប់ជួយអន្តរាគមន៍ទៅលើគ្រោះថ្នាក់អគ្គិភ័យដែលអាចនឹងកើតមានឡើង នៅក្នុងអំឡុងពេលចូលឆ្នាំចិន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ៥ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ២០១៩ខាងមុខនេះ។
លោក ព្រំ យ៉ន ប្រធានអង្គភាពនគរបាលពន្លត់អគ្គិភ័យរាជធានីភ្នំពេញបានអោយដឹងថា អង្គភាពរបស់លោកបានត្រៀមកម្លាំងជាច្រើននាក់ដាក់ពង្រាយនៅតាមគោលដៅចំនួន៨ ក្នុងរាជធានីភ្នំពេញ ដោយក្នុង១គោលដៅមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដើម្បីត្រៀមចាំអន្តរាគមន៍គ្រោះអគ្គិភ័យ ដែលអាចនឹងកើតមានឡើងជាយថា ហេតុក្នុងនៅក្នុងអំឡុងពេលចូលឆ្នាំចិនដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ៥ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈខាងមុខ ។
លោកបញ្ជាក់ថា នៅក្នុងអំឡុងខែមករា ឆ្នាំ២០១៩នេះគ្រោះអគ្គិភ័យបានកើតឡើងនៅក្នុងរាជធានីភ្នំពេញទាំងតូចទាំងធំចំនួន១០ករណី ហើយខណៈកាលពីឆ្នាំ២០១៨កន្លងទៅ គ្រោះអគ្គិភ័យបានកើតឡើងនៅក្នុងរាជធានីភ្នំពេញសរុបចំនួន៩៦ករណី ។ ដោយឡែកក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់២៩ មករា ឆ្នាំ២០១៩ គ្រោះអគ្គិភ័យបានកើតឡើងចំនួន៦ករណីនៅខេត្តបន្ទាយមានជ័យកំពង់ធំ ព្រៃវែង កោះកុង និងខេត្តកណ្តាល ។
អគ្គិភ័យនេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងឆេះតូបផ្សារអស់៤ទៅ៥តូប និងបំផ្លាញទ្រព្យសម្បត្តិ១ចំនួនធំដូចជា ស្រូវ សម្លៀកបំពាក់ គ្រឿងអល័ង្ការ គ្រឿងសង្ហារឹម ម៉ូតូ ប្រាក់ដុល្លារ ប្រាក់រៀល ប្លង់ដី រួមជាមួយសម្ភារៈប្រើប្រាស់ជាច្រើនទៀត ។ ប៉ុន្តែអគ្គិភ័យនេះមិនបានបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស ឬសត្វនោះទេ ៕