នារីវ័យក្មេងម្នាក់ដើរកាន់រូបថតមកប្ដឹងសមត្ថកិច្ចស្វែងរកសង្សា
ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ដើរតាមស្វែងរកគូស្នេហ៍ ក្រោយពីភាគីខាងប្រុសគេចខ្លួនបាត់ ទៅរៀបការជាមួយស្រីផ្សេងដោយ កាន់រូបថត ដើរប្តឹង តាមស្វែងរក កាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០១៩ ។ នារីវ័យក្មេងរូបនេះ មានអាយុជាង២០ឆ្នាំ មិនហ៊ានប្រាប់ឲ្យស្គាល់អត្តសសញ្ញាណ គ្រាន់តែឲ្យដឹងថា បម្រើការងារជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គ្រាដែលនាងមកដល់ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ បានឲ្យដឹងត្រួសៗថា នាងស្គាល់ និងស្រឡាញ់គ្នា ជាមួយបុរសម្នាក់ ឈ្មោះ សួន សែន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អតីតជាពលករ នៅប្រទេសកូរ៉េ ។ ពួកគេទាំង២នាក់ ស្រឡាញ់គ្នានាងសុខចិត្ត ប្តូរផ្តាច់ ដោយសំអាង អ្វីដែលសន្យា ពេលត្រឡប់វិលមកពីធ្វើការនៅប្រទេសកូរ៉េវិញ រៀបការជាមួយគ្នា ក្លាយជាប្តីប្រពន្ធពេញច្បាប់ ទើបនាងហ៊ានល្មើស ទម្លាប់ ប្រពៃណី បង់ទាំងខ្លួនប្រាណ នឹកមិនស្មានដល់ថា មានរឿងដាក់ក្នុងជីវិតដូចថ្ងៃនេះ ។
ជីវិតស្នេហារបស់នាងជាមួយ សង្សារជាពលករនៅប្រទេសកូរ៉េ ប្រើអស់រយ:ពេល៤ឆ្នាំ រងចាំមើលថ្ងៃចូលរោងការ សង្សារយូរៗមកម្តងចូលដេកតែផ្ទះសំណាក់ ស្រាប់តែវេលាកំណត់ការងារ ត្រូវបានបញ្ចប់ ខាងប្រុសត្រូវបានវិលត្រឡប់មកវិញ នាងទៅទទួលដល់ព្រលានយន្តហោះ ក្នុងពេលថ្មីៗកន្លងមកនេះ ហើយក៏ជាលើកចុងក្រោយដែលបាន ឃ្លាតចាកគេចទៅឆ្ងាយ គ្រាដែលមកដល់មាតុប្រទេសវិញភ្លាមពួកគេបាននាំគ្នាចូលដេកផ្ទះសំណាក់មួយកន្លែង មុខព្រលានយន្តហោះ នឹកថាមិនបាច់ទៅណាឆ្ងាយនោះទេ លុះ ស្អែកឡើងទើបពួកគេទាំង២នាក់ចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ស្រាប់មកដល់ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៩ បែកធ្លាយរឿងថាបុរសជាសង្សារ លួចរៀបការជាមួយអ្នកផ្សេង ជាកម្មការិនីរោងចក្រ នៅឯខាងទីរួមខេត្តកំពង់ស្ពឺទៅវិញ ធ្វើឲ្យចិត្តនាងជាសង្សារទោមនស្ស កាន់រូបថតដើរតាមស្វែងរកនិងសួរយោបល់សមត្ថកិច្ច។ សមត្ថកិច្ច ប្រាប់ពន្យល់ណែនាំ ឲ្យនាងទៅ សាកសួរដល់លំនៅដ្ឋានខាងប្រុសតែម្តងទៅ ដើម្បីហៅមកនិយាយគ្នា ទើបនារីនេះវិលត្រឡប់ទៅវិញ ៕