Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចជំនាញសម្រេចបំផ្ទុះគ្រាប់បែកកំណត់ម៉ោងដើម្បីបញ្ជៀសគ្រោះថ្នាក់

បន្ទាយមានជ័យ៖ ទីបំផុតនៅវេលាម៉ោងជាង៧និង៣០នាទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងជំនាញនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសម្រេចបំផ្ទុះគ្រាប់បែកបង្កៃកំណត់ម៉ោងផ្ទុះ នៅក្នុងទូរកញ្ចក់មួយ ក្នុងកាស៊ីណូហ្គោលឌែន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតែម្តង ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំងឡាយដល់មនុស្សនៅកន្លែងកើត​ហេតុ។ គ្រាប់បែកនេះ គឺជាគ្រាប់បែកកែឆ្នៃដើម្បីកំណត់​ម៉ោងផ្ទុះ ប៉ុន្តែកម្លាំងជំនាញស៊ីម៉ាក់ បានសម្រេចចុចបំផ្ទុះនូវគ្រាប់បែកដែលជនខិលខូចលួចមកដាក់នេះ នៅមុនម៉ោងកំណត់តែម្តង។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ប្រជាពល​រដ្ឋបានប្រទះឃើញគ្រាប់បែកកំណត់នាទីមួយគ្រាប់ ដែល​បង្កៃចោលក្នុង កាស៊ីណូហ្គោលឌែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

នៅមុនពេលកើតហេតុ មានបុរសម្នាក់ចូលទៅលេងហ្គេម នៅ​ក្នុងកាស៊ីណូខាងលើ ហើយបានចូលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកញ្ចប់ថង់មួយ រួចហៅសន្ដិសុខកាស៊ីណូមកពិនិត្យ ទើបសង្ស័យថាគ្រាប់បែក និងបង្កការភ្ញាក់ផ្អើលតែម្ដង។

សេចក្ដីរាយការណ៍បន្ថែមថា ក្រោយឃើញយ៉ាងដូច្នេះសន្ដិសុខ បានយកមកបោះចោលនៅមាត់លូខាងក្រៅកាស៊ីណូ ទើបហៅសមត្ថកិច្ចមូលដ្ឋាន និងមន្ដ្រីស៊ីម៉ាក់ ចេញមកអន្ដរាគមន៍ ។ មន្ដ្រីស៊ីម៉ាក់ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា នេះគឺជាគ្រាប់បែកពិតប្រាកដមែន ហើយជាគ្រាប់បែកកំណត់នាទីដើម្បីឲ្យផ្ទុះ៕