ប្លន់ម៉ូតូបានសម្រេចទៀតហើយនៅស្ទឹងមានជ័យទី១ដោយមិនរំខានដល់សមត្ថកិច្ចឡើយ
ភ្នំពេញ៖ ក្រុមចោរ២នាក់ ជិះម៉ូតូ ICON មួយគ្រឿង ធ្វេីសកម្មភាពវាយប្លន់យកម៉ូតូ Suzuki Let’s ពីនារីវ័យក្មេងរូបស្រស់ម្នាក់ ខណៈពេលកំពុងជិះម៉ូតូចេញពីធ្វើការ ហេីយឌុបមិត្តភ័ក្តទៅផ្ទះ លុះដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែជួបក្រុមចោរជិះមកបុកឲ្យដួល ហេីយវាយមួយដៃ រួចលេីកម៉ូតូជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ១ ចេញអន្តរាគមន៍ឡើយ ។
ហេតតុការណ៍វាយប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូបេតុង ទល់មុខក្លោងទ្វារវត្តសាមគ្គីរង្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីនារីរងគ្រោះ ឈ្មោះ ពន្ធ ដា អាយុ២៩ឆ្នាំ មុខរបរធ្វេីការរោងចក្រ ស្នាក់នៅក្បែរកន្លែងកេីតហេតុ មានស្រុកកំណេីតនៅខេត្តតាកែវ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបនាងនិងមិត្តភ័ក្ត បាននាំគ្នាទៅរាំលេងកម្សាន្តនៅក្លឹបស៊ីធី លុះពេលចេញមកវិញ រូបនាងបានជិះម៉ូតូឌុបមិត្តភ័ក្តរបស់នាង ត្រលប់ទៅផ្ទះវិញតាមផ្លូវបេតុងជិតប៉ុស្តិ៍ទូរទស្សន៍ បាយ័ន លុះមកដល់ផ្លូវកែងមុខក្លោងទ្វារចូលវត្តសាមគ្គីរង្សី ជិតដល់ផ្ទះហេីយ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ ICON មួយគ្រឿង (មិនចាំស្លាកលេខ) មិនដឹងជិះតាមមកពីណាទេ ដោយបិទភ្លើងម៉ូតូ រួចមកបុកម៉ូតូរបស់នាង បណ្ដាលឲ្យដួល ហេីយជនសង្ស័យម្នាក់ ក៏លោតចុះមកធ្វេីសកម្មភាពវាយរូបនាងមួយដៃ ហេីយបានលើកម៉ូតូរបស់នាងជិះចេញទៅបាត់តែម្តង។ ម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅបាត់នោះ ម៉ាក Suzuki Let’s ស៊េរីឆ្នាំ២០១៥ ឡើងតែមស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ មិនចាំក្បាល ដឹងតែលេខកន្ទុយ (0481) ។
ក្រោយពេលក្រុមចោរធ្វើសកម្មភាពប្លន់យកម៉ូតូហើយបានគេចខ្លួនបាត់ស្រមោលអស់ទៅនារីជនរងគ្រោះបានទៅដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវ ហេីយក៏ត្រលប់មកបន្ទប់ជួលវិញ៕