ឆេះសកលវិទ្យាល័យខេមរៈ ជាប់មនុស្ស៤នាក់លោតចុះក្រោមរងរបួសធ្ងន់
ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីជាប់ក្នុងអាគារដែលមានអគ្គីភ័យឆាបឆេះ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំនុច សកលវិទ្យាល័យខេមរៈ ស្ថិតក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញមានផ្សែងហុយចេញពីអាគាសកលវិទ្យាល័យ ខាងលើ បន្ទាប់មកក៏បានចេញជាអណ្ដាតភ្លើងឆេះ សន្ធោសន្ធៅតែម្ដង ភ្លាមៗពួកគាត់ក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ ចេញរថយន្តមកជួយបាញ់ពន្លត់ ។ គ្រាដែលមានហេតុការណ៍អគ្គីភ័យក៏មានមនុស្ស៤នាក់ដែលស្នាក់នៅក្នុងសាលាបានជាប់នៅខាងក្នុង ដោយម្នាក់ៗមានភាពភ័យស្លោរក៏បានលោតពីលើអាគារមកក្រោម បណ្ដាលឲ្យរបួសធ្ងន់៤នាក់ ត្រូវបានក្រុមការងារសង្គ្រោះបន្ទាន់ដឹកតាមរថយន្តសាមុយបញ្ចូនទៅមន្ទីពេទ្យភ្លាមៗ ផងដែរ ។ នៅក្នុងកិច្ចប្រតិបត្តការណ៍ពន្លត់អគ្គីភ័យខាងលើនេះដែរ គេឃើញមាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថ កម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់បានជួយអន្តរាគមន៍បាញ់ពន្លត់ ដោយមានរថយន្តពន្លត់អគ្គីភ័យជាង២០គ្រឿងបានមកដល់ តែប្រើទឹកអស់៧ឡានតែប៉ុណ្ណោះក៏រលត់ទៅវិញជាស្ថាពរ ។
សមត្ថកិច្ចបានឲ្យដឹងថាករណីអគ្គីភ័យនេះបណ្ដាលមកពីការឆ្លងចរន្តអគ្គីសនី ទើបបង្កជាអគ្គីភ័យឆាបឆេះចេញជាអណ្ដាតភ្លើងតែម្ដង តែទោះជាយ៉ាងណាទំហំនៃការខូចខាតនៅមិនទាន់ដឹងច្បាស់នៅឡើយទេគ្រាន់តែដឹងថាមានមនុស្ស៤នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕