នារីវ័យក្មេងម្នាក់ជិតដល់ថ្ងៃការជិះម៉ូតូបុកគ្នាស្លាប់ចោលកូនកំលោះ
ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ជិតដល់ថ្ងៃចូលរោងការហើយជួបគ្រោះចរាចរណ៍ស្លាប់ចោលគួរដណ្ដឹងទាំងវ័យក្មេង ៖ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង២៥នាទីព្រឹកថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ១៩៦២ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថានារីរងគ្រោះមានឈ្មោះ កង ភារម្យ អាយុ២៤ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកយុវជន ខាងម៉ូតូលេតមានឈ្មោះ ផាន សាវនា អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រងរបួស ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុង ដា ឌ្រីមសេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-3318 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៦២ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបាន វ៉ាជែងរថយន្តក្រុង តែមិនផុតក៏ជ្រុលទៅបុកម៉ូតូលេត១គ្រឿងទៀតពេញទំហឹងដែលបើកបញ្ចាសទិសគ្នា ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បណ្ដាលឲ្យនារីរងគ្រោះស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ ។ ដោយឡែកយុវជនខាងម៉ូតូលេតរបួសធ្ងន់ ។
បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារសាច់ញាតិនារីរងគ្រោះបានមកដល់ស្រែកទ្រហោយំទាំងក្តីអាល័យ នឹងបង្ហូទឹកភ្នែករៀប រាប់ទាំងអួលដើមទ្រូងប្រាប់អ្នកសារព័ត៌មានថានារីរងគ្រោះជិតដល់ថ្ងៃចូលរោងការហើយមិនសំស្លាប់សោះ ។
ក្រោយមកសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសាេយកទៅធ្វើបុណ្យតាមប្រពៃណីនិងធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕