រថយន្តកុងទីន័របុកក្មេងស្រីអាយុ៦ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ គួរឲ្យរន្ធត់ណាស់ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ត្រូវរថយន្តកុងទីន័របុកស្លាប់គួរឲ្យអាណោចអធម៌ ខណៈដែលក្មេងស្រីកំពុងដើរឆ្លងផ្លូវជាមួយម្ដាយ
-ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់និងគួរឲ្យសង្វេកនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្បែនិងស្ថានីយ៍បូមទឹក បឹងទំពុន តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-សពក្មេងស្រីរងគ្រោះមានឈ្មោះ សាម ធីតា អាយុ៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១ ស្នាក់នៅបន្ទប់ជួលជាមួយឪពុកម្ដាយជិតកន្លែងកើតហេតុ
-យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើត ហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះ រួមនិងម្ដាយបានដើរឆ្លងផ្លូវ៣៧១ តែមិនដឹងថា ម្ដាយនាំកូនឆ្លងមានការធ្វេសប្រហែសយ៉ាងមិចទេ ស្រាប់តែមានរថយន្តកុងទីន័រ ដឹកដែកសរសៃ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-5205បើកបរ តាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើត ទៅលិចក្នុងល្បឿនយ៉ាងលឿន មិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុកក្មេងស្រីរងគ្រោះពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ គួរឲ្យសង្វេកពេលឃើញឪពុកម្ដាយយំអោបកូន ចំណែកម្ដាយពុំមានរងរបួសនោះទេ ។ បន្ទាប់ពីបង្កហេតុភ្លាមៗតៃកុងរថយន្តព្យាយាមបើករត់គេចតែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ឃាត់បានទាំង រថយន្តនិងតៃកុង រួចប្រគល់ឲ្យសមត្ថកិច្ចយកទៅធ្វើការ សាកសួរ ។
-ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាកម្លាំងជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះ ស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យឪពុកម្ដាយដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕