ធ្វើជាទិញសុទ្ធដកកាំភ្លើងខ្លីប្លន់យកកាបូបលុយនិងទូរសព្ទដៃបាន២គ្រឿងនៅខណ្ឌទួលគោក
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាព ដកកាំភ្លើងខ្លីផ្ចុងប្លន់យកកាបូបលុយ និងទូរសព្ទដៃអស់២គ្រឿងពីនារី៣នាក់បានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ នៅក្នុងហាងកែសម្ផស្សមួយកន្លែង យីហោ ( កន្និកា ស្រីតូច អ៊ុតសក់) ជាប់ផ្លូវលេខ៥៩៨ កែងផ្លូវលេខ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីម្ចាស់ហាងខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវនារីៗបានមកអ៊ុតសក់ផាត់មុខក្នុងហាងរបស់ខ្លួន ។ បន្ទាប់មកក៏មានជនសង្ស័យ២នាក់ជិះម៉ូតូសង់ប៊ុិចមួយគ្រឿងមិនចាំស្លាកលេខ បានឌុបគ្នាមកធ្វើលេសទិញទឹកសុទ្ធ ដោយម្នាក់អង្គុយលើម៉ូតូ និងម្នាក់ទៀតដើរចូលមក ហើយបានដកកាំភ្លើងខ្លីផ្ចុងគំរាម និងប្លន់យកទូរសព្ទ័ដៃម៉ាកអាយហ្វីនសុីច២គ្រឿង និងកាបូបស្ពាយ១ ពីឈ្មោះ ស្រីពៅ និងនារីម្នាក់ឈ្មោះ អុឺម ចន្ទ័ដារ៉ាលីន និងនារីម្នាក់ទៀតមិនស្គាល់ឈ្មោះបានលុយជិត៣០ដុល្លារបន្ថែម រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនដោយសុវត្តិភាព ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានត្រឹមចុះមកពិនិត្យមើលហេតុការណ៍ភ្ចុងប្លន់បានសម្រេច និងនាំនារីរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕