ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័មិនបានសម្រេច
ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូ ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីនារីម្នាក់មិនបានសម្រេច ភ្លាត់ស្នៀតជួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋនិងជនរងគ្រោះចាប់បានម្នាក់វាយទ្រោមខ្លួន ទើប ប្រគល់ឲ្យសមត្ថកិច្ច ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើល នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ដែលចាប់បានមានឈ្មោះ ថា ឌីណា ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ ។ ចំណែកម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ ។
បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ខណៈមកដល់ចំណុចមុខក្រសួងព័ត៌មាន ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ125 មកអែបរួចធ្វើសកម្មភាពឆក់ទូរសព្ទ័ពីនារីរងគ្រោះតែមិនបានសម្រេច បណ្ដាលឲ្យដួលម៉ូតូភ្លាមៗក៏ត្រូវបានប្រជាពលរដ្ឋជួយចាប់បានម្នាក់វាយមួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅធ្វើការសួនាំ ។ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងបញ្ជួនទៅអធិការខណ្ឌដូនពេញចាត់ការបន្តតាមនិតិវិធី៕