លោក ស ថេត ៖ បើអាចលោកចង់ឲ្យមានស្ត្រីធ្វើជាមេប៉ុស្តិ៍និងជាអធិការ
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកចង់ឱ្យស្ត្រីឡេីងធ្វើជាមេប៉ុស្តិ៍និងអធិការ វិញម្តង បើអាច ខណៈបច្ចុប្បន្ននេះមេប៉ុស្តិ៍និងអធិការនគរបាលខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ សុទ្ធតែបុរស ។
លោកស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិ៨មីនាលេីកទី១០៨ ក្រោមប្រធានបទ”លេីកកម្ពស់សមភាពយេនឌ័រ ការគាំពារសង្គមដេីម្បីអភិវឌ្ឍធនធានមនុស្ស”នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នេះ។
លោក ស ថេត ថ្លែងថា “ស្ត្រីជានគរបាល មានទេពកោសល្យខ្ពស់ ក្នុងការសួរចម្លេីយជនសង្ស័យ ព្រោះពួកគាត់ប្រេីប្រាស់ពាក្យសម្តីល្អនិងទន់ភ្លន់ ។ លោកចង់ឱ្យនៅក្នុងរាជធានីភ្នំពេញ មានមេប៉ុស្តិ៍ និងអធិការជាស្រ្តី ដេីម្បីឱ្យក្លាយជាគំរូល្អ ។ ប៉ុន្តែស្រ្តីខ្លួនឯង ត្រូវបង្កេីនសមត្ថភាពឱ្យសាកសមទៅនឹងតំណែងដែលថ្នាក់ដឹកប្រគល់ឱ្យ ។ លោកស្នងការរាជធានីភ្នំពេញ បន្តថា ពេលបង្ក្រាបបទល្មេីស ស្រ្តីជានគរបាល ក៏ត្រូវការជួយក្នុងការចាប់ចងជនសង្ស័យជាស្រ្តីផងដែរ ៕