ព្រឹកថ្ងៃទី១៣មិនាលោក Jack Ma មហាសេដ្ឋីចិនបានទៅទស្សនាប្រាសាទបន្ទាយស្រីក្នុងទឹកដីអង្គរបន្តទៀត
សៀមរាប៖ លោក Jack Ma មហាសេដ្ឋីចិន នៅព្រឹកថ្ងៃទី១៣ខែមីនាឆ្នាំ២០១៩នេះ បានទៅទស្សនាប្រាសាទបន្ទាយស្រី របស់ប្រទេសកម្ពុជា នៅក្នុងខេត្តសៀមរាបជាបន្តទៀតដោយទឹកមុខសប្បាយរីករាយ ។
នេះបើយោងតាមប្រភពពីមន្ត្រី ដែលបានរួមដំណើរមួយបានអះអាងថា ទោះបីជា លោក Jack Ma គឺជាមហាសេដ្ឋីលំដាប់ពិភពលោកពិតមែន តែគេសង្កេតឃើញលោកធ្វើខ្លួនសាមញ្ញ ដោយជិះរថយន្ត១២កៅអី និងគ្មានអង្គរក្សការពារអ្វីឡើយ។ ប្រភពបានបន្តថា លោក Jack Ma នឹងចាកចេញពីទឹកដីអង្គរ នៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១៣ខែមិនាឆ្នាំ២០១៩នេះ ។ ហើយនិងធ្វើដំណើរទៅកម្សាន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនាម្សិលមិញ លោក Jack Ma បានកោតសរសើរ នូវភាពអស្ចារ្យនៃប្រាសាទខ្មែរ នៅពេលដែលលោកបានទស្សនាប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទតាព្រហ្ម ។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ភាពល្បីល្បាញនៃរមណីយដ្ឋានអង្គរ មិនត្រឹមតែទាក់ទាញអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរទូទៅប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលល្បីៗក្នុងពិភពលោក រួមនឹងអ្នកមានៗលំដាប់ពិភពលោកច្រើនរូប ក៏ទាក់ចិត្តមិនខកខាន ក្នុងដំណើរមកទស្សនាអង្គរដែរ។ ថ្ងៃទី១២ ខែមីនា អាចចាត់ទុកជាថ្ងៃពិសេសមួយ ដែលមហាសេដ្ឋីស្រុកចិន និងជាប្រធានក្រុមហ៊ុន Alibaba គឺលោក ចេក ម៉ា (Jack Ma) បានមកបំពេញទស្សនកិច្ចពេញមួយថ្ងៃ នៅប្រាសាទនានាក្នុងតំបន់អង្គរ។
លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានជូនដំណើរលោក Jack Ma ទស្សនាប្រាសាទអង្គរវត្តបានបញ្ជាក់ថា លោក Jack Ma ជាមនុស្សសុភាពគួរឲ្យគោរព ជាទីបំផុត។ ថ្វីត្បិតលោកជាមហាសេដ្ឋី តែឥរិយាបថរបស់លោក បានបង្ហាញនូវការគោរព ផ្តល់តម្លៃយ៉ាងខ្លាំងចំពោះប្រាសាទខ្មែរ។ លោកបានសួរសំណួរនានាដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងប្រាសាទ ក្នុងភាពជាអ្នកចង់ចេះដឹងពិតប្រាកដ និងផ្តល់ការគោរពយ៉ាងជ្រាលជ្រៅចំពោះអង្គរ។
លោក សុខ សង្វារ បានបញ្ជាក់ថា តាមការបញ្ជាក់របស់លោក Jack Ma លោកពិតជាស្ញើចសរសើរ នូវភាពអស្ចារ្យនៃប្រាសាទខ្មែរ និងកោតសរសើរនូវការគ្រប់គ្រងរមណីយដ្ឋានអង្គរ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកបញ្ជាក់ថា លោក ចេក ម៉ា បាននិយាយថានឹងមកកាន់រមណីយដ្ឋានអង្គរ នាឱកាសក្រោយទៀត ដោយការធ្វើដំណើររបស់លោកនាពេលនេះ គ្រាន់តែជាលើកដំបូងប៉ុណ្ណោះ តែច្បាស់ណាស់នឹងមានលើកទី២ ឬទី៣បន្តទៀត ។
លោក សុខ សង្វារ ជឿជាក់ថា តាមរយៈវត្តមានរបស់លោក Jack Ma ក៏ដូចជា បុគ្គលល្បីៗផ្សេងទៀតក្នុងពិភពលោក ក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ពិតជាធ្វើឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍កាន់តែចាប់អារម្មណ៍ ហើយមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំបន្ថែមទៀត។
ប្រជាពលរដ្ឋខ្មែរ បានសម្តែងការភ្ញាក់ផ្អើលនិងអបអសារទយ៉ាងខ្លាំងចំពោះវត្ថមាន លោកJack Ma មហាសេដ្ឋីចិនរូបនេះ ដែលបានមកទស្សនាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា ក្នុងសកម្មភាពសាមញ្ញ និងរាក់ទាក់ ។ មតិទូទៅបានលើកឡើងថា វត្តមានរបស់បុគ្គលល្បីៗក្នុងពិភពលោក ដែលបានមកកម្សាន្តនៅប្រទេសកម្ពុជា កាន់តែបង្ហាញយ៉ាងច្បាស់ថា ប្រទេសមួយនេះពិតជាកំពុងរស់នៅក្រោមសុខសន្តិភាពដ៏រឹងមាំមួយយ៉ាងពិតប្រាកដ៕