នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងកម្លាំងអគ្គនាយកដ្ឋានកាំកុងត្រូលឆ្មក់បង្ក្រាបការនាំចូលបង្គាគ្មានច្បាប់អនុញ្ញាតិ
ភ្នំពេញ ៖ កំលាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសហការបង្ក្រាបការនាំចូលបង្គាពីប្រទេសវៀតណាមគ្មានច្បាប់អនុញ្ញាតិដោយដឹកតាមរថយន្តចំនួន ០៣គ្រឿង ទី១-ម៉ាក HYUNDIA ពាក់ស្លាកលេខ 3A-0869 ទី២-ម៉ាកសាំងយ៉ុងកែឆ្នៃ2A-0342 ទី៣-ម៉ាក HYUNDIA គ្មានស្លាកលេខ ។
បន្ទាប់ពីឃាត់និងធ្វើការត្រួតពិនិត្យសមត្ថកិច្ចចម្រុះ បានឆែកឆេរជាក់ស្តែងរកឃេីញ(បង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា) និងគ្រឿងសមុទ្រមួយចំនួនទៀតដែលគ្មានច្បាប់អនុញ្ញាតិចំនួន= 376កេស ប្រមាណ 7520 គីឡូក្រាម ។
ក្រោយមកវត្ថុតាងទាំងអស់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន(និងយកវត្ថុតាងមួយចំនួនទៅធ្វេីការពិសោធន៌រកសារធាតុហាមឃាត់) បន្ទាប់មកបានបញ្ជាឲ្យយកបង្គា ដែលមានចាក់បញ្ចូលសារធាតុ ដូចបានបញ្ជាក់ខាងលេី ដែលគ្មានច្បាប់ យកទៅដុតកម្ទេច បំផ្លាញចោលនៅទីលានចាក់សំរាមបឹងជេីងឯក កាលពីវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃ-ខែ-ឆ្នាំដដែលនិងបាននាំខ្លួនអ្នកបេីកបររថយន្តចំនួន០៣នាក់ទៅធ្វើការសាកសួរបំភ្លឺនៅនាយកដ្ឋាន ដេីម្បីស្វែងរកម្ចាស់ បន្តនីតិវិធីតាមផ្លូវច្បាប់ ៕