ផ្ទះលំហែរកាយរបស់លោកជំទាវ ជា សំអាត ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញសម្ភារៈមួយចំនួនធំ
កោះកុង៖ ផ្ទះចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ៖ គ្រោះអគ្គីភ័យនេះបានបង្កឲ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ នៅចំណុច ភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះដែលរងគ្រោះដោយសារអគ្គីភ័យនេះជាផ្ទះកម្សាន្តលំហែរកាយរបស់លោកជំទាវ ជា សំអាត ដែលធ្វើជញ្ជាំងនិងដំបូលប្រក់ស្បូវ ហើយសម្ភារៈខូចខាតរួមទាំង ៖ ម៉ាស៊ីនត្រជាក់ ២គ្រឿង – ពួក ២ – កង្ហារព្យួរជញ្ជាំង ២ គ្រឿង – ធុងទឹក ២ – កញ្ចក់ ២ផ្ទាំងធំ – អំពូលភ្លើង ៣០អំពូលនិងសម្ភារ:ជាច្រើនទៀត។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍ជួយធ្វើការបាញ់ពន្លត់ទាន់ពេល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៧ គ្រឿងក្នុងនោះមាន រថយន្តរបស់ស្នងការនគរបាល០៣គ្រឿង-រថយន្តអធិការដ្ឋាន០១ គ្រឿង-រថយន្តក្រុមហ៊ុន SEZ Co,Ltd ០១គ្រឿង និងរថយន្តឯកជនរបស់ឈ្មោះ សៀង បូរ៉ាត់២ គ្រឿង ទើបបានបាញ់ពន្លត់រលត់ទៅវិញជាស្ថាពរ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុពិតនៃការឆាបឆេះផ្ទះនេះ ៕