ជនជាតិអាមេរិកកាំងម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរបានលោតពីសណ្ឋាគារអាម៉ារី ជាន់ទី៣ស្លាប់បាត់បង់ជីវិត
ភ្នំពេញ៖ បុរសជាជនជាតិអាមេរិកាំងម្នាក់បានលោតពីលើ សណ្ឋាគារ អាម៉ារី ជាន់ទី៣ធ្លាក់មកក្រោមទើលើរថយន្តហាយ ឡែនឌ័រ រងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់បាត់បង់ជីវិពេលបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ហេតុការភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៤៥នាទីរសៀលថ្ងៃទី១៤ខែមិនាឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារ អាម៉ារី តាមបណ្ដោយផ្លូវ១៣៦ ស្ថិតក្នុងសង្កាត់ ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
បើតាមសម្តីប្រជាពលរដ្ឋដែលបានឃើញហេតុការប្រាប់ឲ្យដឹងថា មុនដំបូងគេឃើញបុរសជនជាតិបរទេសរូបនោះបានចេញពីបន្ទប់ សណ្ឋាគារនៅជាន់ទី៣ មកអង្គុយលើបង្កាន់ដៃខាងមុខបន្ទប់ ដោយសង្ស័យថា បុរសរងគ្រោះមានបញ្ហាសតិអារម្មណ៍ ។ ប្រភពបានបន្តថា ភ្លាមៗនោះក៏មានគេចូលមកជួយចាប់ដែរ តែចាប់មិនទាន់ត្រូវបុរសជនជាតិបរទេសរូបនោះលោតទំលាក់ខ្លួនមកក្រោមត្រូវចំរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ដែលចតនៅខាងក្រោម បណ្ដាលឲ្យរងរបួសធ្ងន់បាក់ដៃនិងបែកក្បាលផ្នែកខាងក្រោយហូឈាមសន្លប់ស្ដូកស្ដឹង ភ្លាមៗត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ជួយអន្តរាគមន៍ ទាក់ទងហៅ រថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ តែជាអកុសល់ជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់ពាក់កណ្ដាលផ្លូវ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបាន
ពិនិត្យនិងកោសល្យវិច្ឆ័យទៅលើសពជនរងគ្រោះ រួចធ្វើកំណត់ហេតុដើម្បីរកមូលហេតុពិតប្រាកដ ។ សមត្ថកិច្ចឲ្យដឹងថា ចំពោះករណីនេះបើតាមសម្តីប្រជាពលរដ្ឋបានបញ្ជាក់ថាជនរងគ្រោះជាជនជាតិអាមេរិកកាំង រូបនេះពិតជាបានលោតពីសណ្ឋាគារធ្វើអត្តឃាតខ្លួនឯងប្រាកដមែន តែមិនដឹងមូលហេតុ ប៉ុន្តែគេសង្ស័យថាបុរសជនជាតិបរទេសនោះមានវិបត្តិផ្លូវចិត្ត ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅសាលតម្កល់សព មន្ទីរពេទ្យកាល់ម៉ែត្ររងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ៕