Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទុះរំសេវផាវធ្វើឲ្យមនុស្សប្រុសស្រី៥នាក់របួសធ្ងន់​ស្រាល​នៅស្រុកតាវែង

ខេត្តរតនគិរី៖​ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន​៥នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីបុរសម្នាក់ទិញ​ផាវ​ដាក់ចូលក្នុងដបអឹម១៥០​ ពេលជក់បារីរួចបានធ្លាក់បារីចូល​បណ្ដាល​ ឲ្យឆេះនិង​ផ្ទុះត្រូវរបួសខ្លួនឯងនិងក្មេង៤នាក់ទៀតខណៈដែលក្មេងៗកំពុងតែឈរមើល
ហេតុការណ៍គួរឲ្យព្រឺព្រួចនេះបានកើតឡើងកាលពីវេលា​ម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅ​ភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។

អធិការនគរបាលស្រុកតាវែង​ លោក​ អាំង ភឿក បានឲ្យដឹងនៅព្រឹកថ្ងៃទី២២មីនានេះ ថា ជនរងគ្រោះដែលរងរបួសរួមមានទី១-ឈ្មោះ ហេង សារឿន ភេទប្រុស អាយុជាង៤០ឆ្នាំ រងរបួសធ្ងន់ ត្រង់ជើងខាងស្តាំ មានទីលំនៅភូមិតាវែងលើ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី (អ្នកទិញផាវមកដុត)
ទី២-ឈ្មោះ សើន អួន ភេទប្រុស អាយុ១១ឆ្នាំ រងរបួសធ្ងន់ ត្រង់មុខ។​ ទី៣-ឈ្មោះ តឿង ជឿង ភេទប្រុស អាយុ៨ឆ្នាំ រងរបួសធ្ងន់ ធ្លាយពោះវៀន។​ ទី៤-ឈ្មោះ សន ម៉ាប់ ភេទប្រុស​​ អាយុ២៨ឆ្នាំរងរបួស​ស្រាល។​ ទី៥-ឈ្មោះ ចាង ត្រិន ភេទស្រី អាយុ២៦ឆ្នាំ រងរបួសស្រាល​ អ្នកទាំងអស់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដើម្បីជួយ​សង្គ្រោះបន្ទាន់ផងដែរ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ឈ្មោះ ហេង សារឿន (ជនបង្ក) បានទៅទិញផ្លែសំរងនៅកន្លែងកើតហេតុ មិនទាន់ទិញបានក៏ទៅទិញផាវមកដាក់ចូលក្នុងដបអឹម១៥០ ឃើញដូច្នេះក្មេងនៅក្បែរនោះក៏នាំគ្នាទៅមើល​ ខណ:នោះដែរឈ្មោះសារឿន បានជក់បារីក៏ធ្លាក់បារីចូលទៅក្នុងដប​បណ្តាលឲ្យឆេះហើយផ្ទុះតែម្តង។

លោកអធិការបានបញ្ជាក់ថា បច្ចុប្បន្នលោកបានធ្វើរបាយការណ៍បញ្ជួនទៅថ្នាក់លើដើម្បីចាត់ការតាមនិតិវិធីច្បាប់៕