ជិះម៉ូតូដួលត្រូវរថយន្ដដឹកដីកិនស្លាប់ម្នាក់និងម្នាក់ទៀតរបួសស្រាល
ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូក្នុងល្បឿនលឿនបណ្ដាលឲ្យដួលត្រូវរថយន្ដដឹកដីកិនស្លាប់ភ្លាមៗម្នាក់ និង ម្នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤០ នាទីរសៀលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ ២០A ភូមិសេរីសម្បត្ដិ សង្កាត់គងណយ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពយុវជនខាងលើមានឈ្មោះ ស៊ុក ម៉ានី អាយុ១៨ ឆ្នាំ ភេទប្រុស និង យុវជនរងរបួសស្រាលមានឈ្មោះ ភាព សុភានុត ភេទប្រុស អាយុ១៨ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសង់ប៊ិច ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ1BG-9169 ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុក៏បានដួលម៉ូតូ ដោយចៃដន្យក៏មានរថយន្ដដឹកដីមួយគ្រឿងមិនចាំម៉ាកបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុរថយន្ដបង្កបានបួងចង្កូតគេចកុំឲ្យកិនម៉ូតូ ប៉ុន្ដែជាអកុសលក៏ទៅកិនជនរងគ្រោះម្នាក់បណ្ដាលឲ្យស្លាប់មួយរំពេច និង ម្នាក់ទៀតរងរបួសស្រាល ភ្លាមៗនោះដែររថយន្ដបង្កបានបន្ថែមល្បឿនយ៉ាងលឿនបើកគេចបាត់ស្រមោលតែម្ដង ដោយបន្សល់ទុកសាកសពជនរងគ្រោះឲ្យស្លាប់នៅកណ្ដាលផ្លូវយ៉ាងអាណោចអាធម៌ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដោយបានជួយសម្រួលចរាចរណ៍និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដើម្បីចុះមកធ្វើការវាស់វែង រួចធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចចរាចរណ៍ខណ្ឌបានប្រគល់ឲ្យក្រុមគ្រួសារវិញ ។
សូមជម្រាបផងដែរថា ប្រជាពលរដ្ឋរស់នៅក្បែរកំណត់ផ្លូវជាតិលេខ២០A តែងតែមានក្ដីព្រួយបារម្ភអំពីសុវត្ថិភាពកូនចៅរបស់ពួកគាត់ដែលជិះម៉ូតូ ជិះកង់ ទៅរៀនដោយសារតែ ពួកក្រុមរថយន្ដធន់ធំ បើកបរក្នុងល្បឿនលឿនមិនប្រណីអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវនោះទេ ។
សំខាន់ជាងនេះទៅទៀតនោះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះសំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ចជួយដាក់គោលដៅត្រួតពិនិត្យអ្នកកើតយានយន្ដ និង ត្រួតពិនិត្យការបើកបរលើសល្បឿនកំណត់តាមអនុសាសន៍របស់ថ្នាក់ដឹកនាំផង ពីព្រោះទីតាំងខាងលើនេះតែងតែមានគ្រោះថ្នាក់ជាញឹកញាប់ ហើយធ្វើឲ្យបាត់បង់អាយុជីវិតមុនស្សជាច្រើននាក់មកហើយ ៕