Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីយោធាម្នាក់បើករថយន្តបុកយុវជនម្នាក់ស្លាប់និងប្រើអាវុធ​(គ្មានច្បាប់)ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កណ្ដាល៖ មន្ត្រីយោធាម្នាក់បើករថយន្តលឿនដូចហោះមិន​ប្រយត្ន័ជ្រុលទៅបុកម៉ូតូហុងដាឌ្រីម​ សេ១២៥​ បណ្ដាលឲ្យយុវជនមនាក់ដែលជិះម៉ូតូស្លាប់បាត់បង់ជីវិតយ៉ាងអាណោច​អធម៌​ ៖​ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅ​វេលាម៉ោង០៧និង២៥នាទីយប់ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៩​ នៅ​តាមបណ្ដោយផ្លូវលេខ១២១០​ភូមិដំរីឆ្លងឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ម៉ុន វីរៈ ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរ ជាជាងជួលជុលរថយន្ត​ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។​ ចំណែកអ្នកបើក​រថយន្តបង្កមានឈ្មោះ​ ឌិន សុីដេត ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរៈយោធា មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹង​ថា​ មុនកើតហេតុគេឃើញ​រថយន្តមួយគ្រឿង​ ម៉ាកលុចសុីស​ពណ៌ត្រេអុី​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ02.2-2416​ បើកបរ​ដោយបុរសម្នាក់ជាមន្ត្រីយោធាខាងលើ​ ធ្វើដំណើរតាមបណ្ដោយផ្លូវ១២១០​ ទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿនដោយមិនបានប្រុង​ប្រយត្ន័​ ខណៈមកដល់ចំណុចកើត​ហេតុក៏ជ្រុលទៅបុក​ម៉ូតូមួយគ្រឿង​ម៉ាកហុងដាឌ្រីម​សេ១២៥​ពណ៌ខ្មៅពាក់ស្លាកលេខ​កណ្ដាល1P-8626​ ពេញទំហឹង​ ដែលជិះទិសដៅបញ្ច្រាស់គ្នា​ បណ្ដាលឲ្យយុវជនរងគ្រោះដែលជិះម៉ូតូស្លាប់ភ្លាមៗមួយ​រំពេចនៅកន្លែង​កើតហេតុ​ ។ ចំណែកអ្នកបើករថយន្តត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួនយកទៅ​សួរនាំដោយមានអាវុធខ្លីមួយដើម​ ម៉ាកNP34 លេខBO-​18287និងបង់០១(គ្មានគ្រាប់)។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើត​ហេតុ​ធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅ​រក្សាទុកនៅអធិការនគរបាលស្រុកស្អាងព្រមទាំងនាំខ្លួនអ្នក​បើក​បរ​ រថយន្តបង្កទៅសាកសួរនិងកសាងសំណុំរឿងបញ្ជួន​ទៅតុលាការចាត់ការបន្តតាមច្បាប់​ ។ ដោយឡែកសពជន​រងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕