ជនជាតិវៀតណាម១២នាក់ ឆ្លងដែនមកសំងំរស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន១២នាក់ ដែលឆ្លងដែនគ្មានឯកសារត្រឹមត្រូវ មករកសុីនិងធ្វើការដោយខុសច្បាប់ ៖ ករណីនេះបានធ្វើឡើងកាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៩ នៅចំណុច ហាងលក់កាហ្វេនិងកោសជប់ម៉ាស្សា មួយកន្លែង តាមបណ្តោយ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា កិច្ចប្រត្តិបត្តការណ៍បង្គ្រាបឃាត់ខ្លួនជនជាតិវៀតណាមនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ដោយមានការសហកានិងសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក គឹម ឆេងប៊ុន ក្រឡាបញ្ជី ផងដែរ ។
ក្រោយការឃាត់ខ្លួន ជនជាតិវៀតណាមប្រុសស្រីទាំង១២នាក់រួចមកកម្លាំងសមត្ថកិច្ចបានបញ្ជួនខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕