ឪពុកនាំកូនស្រីដែលបើករថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់ប្រគល់ជួនសមត្ថកិច្ចជំនាញចាត់ការតាមច្បាប់
ភ្នំពេញ៖ នៅវេលាម៉ោង ៧ និង ៣០នាទី ព្រឹកថ្ងៃទី២៩ ខែ មិនា ឆ្នាំ ២០១៩ លោក យិន ង៉ិច បាននាំកូនស្រីឈ្មោះ យិន ម៉ាណា មកប្រគល់ជូននគរបាលចរាចររាជធានីភ្នំពេញ ដើម្បីឱ្យនគរបាលចាត់ការតាមនីតិវិធីច្បាប់ ។
ពាក់ព័ន្ធករណីនេះ លោក សែម គន្ធា ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ អ្នកសារព័ត៌មានថា សំណុំរឿងខាងលើនេះត្រូវបានសមត្ថកិច្ចជំនាញកសាង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។
សូមជម្រាបជូនថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយ ឈ្មោះ យិន ម៉ាណា បានបើករថយន្ត ម៉ាក Range Rover ព័ណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកជនរងគ្រោះឈ្មោះ ឌុំ រីដា ស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក យិន ហ្គិច ជាឪពុកជនបង្កបានព្យាយាមដោះស្រាយ និងទទួលខុសត្រូវដោយបានចូលបុណ្យសពជនរងគ្រោះចំនួន ៥០០០ដុល្លារ។
បន្ទាប់ពីចូលបុណ្យសព លោក យិន ហ្គិច បាននាំខ្លួនកូនស្រីទៅប្រគល់ជូនសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមច្បាប់ និងទទួលខុសត្រូវចំពោះសំណងជំងឺចិត្តទៅគ្រួសារជនរងគ្រោះថែមទៀតផង។
ទោះជាយ៉ាងណា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះត្រូវបានមហាជនរិះគន់ និងសម្តែងក្តីខឹងសម្បារ និងទទូចឲ្យមានការចាត់ផ្លូវច្បាប់លើជនបង្កឲ្យសាកសមនឹងកំហុស ដើម្បីទុកជាការព្រមានដល់អ្នកបើកបរដ៏ទៃទៀត។
សូមរំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើបង្កឡើងដោយឡាន Range Rover ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បើកលឿនទៅបុក ជនរងគ្រោះដែលកំពុងជិះម៉ូតូគុបជ្រុងនៅចំណុចផ្លូវបំបែកជា៤ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយបង្កហេតុ តែកុងរថយន្តបានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែសំណាងល្អដែលមានវីដេអូកាមេរ៉ាសុវត្ថិភាពបានថតជាប់ស្លាកលេខរថយន្តរហូតសមត្ថកិច្ចអាចកំណត់មុខសញ្ញាម្ចាស់រថយន្តខាងលើបាន៕