អនិកជនខ្មែរនៅបារាំងម្នាក់ បើករថយន្តបុកឃឿនលើស្ពានជ្រោយចង្វារបណ្ដាលឲ្យក្រឡាប់ផ្ងាជើង
ភ្នំពេញ ៖ បុរសម្នាក់ជាអនិកជនខ្មែររស់នៅប្រទេសបារាំងបើករថយន្តក្នុងស្ថានភាពស្រវឹងស្រាជោគជាំ មិនប្រយត្ន័បានជ្រុលទៅបុកឃឿនលើស្ពានជ្រោយចង្វារពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនមានអ្នករបួស។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង៤០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៣០ខែមិនាឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បើយោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបាន បើករថយន្តម៉ាកហ្វ័រន័រពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2D -6081 ធ្វើដំណើរទិសដៅពីលិចទៅកើតឡើងស្ពានជ្រោយ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកឃឿនស្ពានពេញទំហឹងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាងរងការខូចខាតមួយចំហៀងយ៉ាងដំណំ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗបានទាក់ទងជំនាញមកធ្វើការវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចេាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕