ឆ្លងចរន្តអគ្គិសនីឆេះផ្ទះលក់ឥវ៉ាន់ជាប់ផ្សារស្ទឹងមានជ័យថ្មីបង្កការភ្ញាក់ផ្អើលទាំងថ្ងៃ
ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គីភ័យបណ្ដាលឲ្យឆាបឆេះផ្ទះលក់ឥវ៉ាន់មួយកន្លែង លេខ១៧A ជាប់ផ្សារស្ទឹងមានជ័យថ្មី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថុកិច្ចកាលពីវេលាម៉ោង០១និង២០នាទីរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមនីរ៉េត ភូមិទ្រា៣សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សុង សារ៉ស់ អាយុ៣៦ ឆ្នាំមានមុខរបរ លក់អ៉ីវ៉ាន់ មានទីលំនៅផ្ទះលេខ១៧A ភូមិទ្រា៣សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
បើតាមសម្ដីម្ចាស់ផ្ទះកើតហេតុបានប្រាប់ឲ្យដឹងថា មុនដំបូងគាត់បានឮសម្លេងផ្ទុះ ពេលនោះគាត់បានឡើងទៅមើលនៅជាន់ទីមួយក៏ឃើញមានអណ្ដាតភ្លើងឆេះចេញពីបន្ទប់ទឹកភ្លាមនោះគាត់បានពន្លត់ដែរ ប៉ុន្ដែមិនរលត់ក៏រាលដាលដល់ឥវ៉ាន់ផ្សេងទៀតបណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅកាន់តែខ្លាំងឡើងៗ ទើបគាត់រាយការណ៍ទៅកម្លាំងសមត្ថកិច្ចឲ្យជួយហៅរថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយអន្ដរាគមន៍បាញ់ពន្លត់រហូតរលត់ជាស្ថាពរ។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍អគ្គីភ័យខាងលើនេះកម្លាំងអន្តរាគមន៍បង្កានិងពន្លត់អគ្គីភ័យប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៤គ្រឿង។ ចំណែកទ្រព្យសម្បត្តិនិងសម្ភារៈនៅក្នុងផ្ទះរងការខូចខាតមួយចំនួន សំណាងល្អមិនមានអ្នករងរបួស ៕