សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំបង្ក្រាបក្រុមឈ្មួញដឹកជ្រូកចូលពីវៀតណាមខុសច្បាប់ឃាត់ខ្លួនមនុស្ស៤នាក់ជ្រូក៣៧ក្បាល
ត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ សហការគ្នាបង្ក្រាប ក្រុមឈ្មួញនាំចូលសត្វជ្រូកពីប្រទេសវៀតណាមដោយខុសច្បាប់ ៖ កិច្ចប្រតិបត្តការបង្ក្រាបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅចំណុច ចន្លោះបង្គោល១១៦ ទៅបង្គោល១១៧ ត្រង់បង្គោលពិសេស ក្នុងភូមិសាស្ត្រជិតនឹងច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តការនោះកម្លាំង ចម្រុះបានធ្វើការឃាត់ម៉ូតូចំនួន៤គ្រឿងរថយន្តដឹកជ្រូក២គ្រឿងជ្រូក៣៧ក្បាលនិងបានឃាត់ខ្លួនមនុស្ស៤នាក់ដើម្បីយកមកធ្វើការសួរនាំ ។
-បើយោងតាម នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងផ្លុងបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៩ មន្ត្រីអន្តោរប្រវេសន៍ច្រកត្រពាំងផ្លុងបានឈរ ជើងនៅតាមតំបន់ច្រករបៀង ក្នុងដែនសមត្ថកិច្ចច្រកត្រពាំងផ្លុងក៍ប្រទះឃើញក្រុមឈ្មួយដឹកជ្រូកពីវៀតណាមដែលសង្ស័យថាគ្មានច្បាប់អនុញ្ញាត ក៍បានឃាត់ខ្លួនក្រុមទាំងនោះ បន្ទាប់មកក៍បានរាយការណ៍ភ្លាមៗទៅកាន់លោកស្នងការខេត្ត និងឯកឧត្តមបណ្ឌិត អភិបាលខេត្ត ។
-ចំណែកលោក រី ដាវិន ប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា សមត្ថកិច្ចចម្រុះ រួមជាមួយពេទ្យសត្វអគ្គនាយកដ្ធានប្រចាំច្រកត្រពាំងផ្លុង និងមន្ត្រីបសុពេទ្យខេត្ត សហការគ្នាបង្ក្រាបឃាត់ម៉ូតូដឹកជ្រូកចំនួន០៤គ្រឿង ដឹកជ្រូកសរុបចំនួន១២ក្បាល និងកូនឡានកាមរី០១គ្រឿងដឹកជ្រូកចំនួន០៧ក្បាលព្រមទាំងឡាននីសាន់ ដឹកកូនជ្រូកខ្វៃចំនួន២០ក្បាល ដោយគ្មានលិខិត្តអនុញ្ញាតិពីមន្ត្រីពេទ្យ ៕