អាជីវកផ្សារសែនមនោរម្យសម្ដែងការត្រេក អរ
ខេត្តមណ្ឌលគិរីៈនៅក្រោយពេលដែលផ្សារសែនមនោរម្យ ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុងកាលពីពេលថ្មីៗ
ពេលនេះត្រូវបាន រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តមណ្ឌលគិរី បាន រៀបចំសណ្តាប់ធ្នាប់ និងធ្វើការវាស់វែងដី ជូនពលរដ្ឋក្នុងផ្សារសែនមនោរម្យជាង២១១គ្រួសារ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្នុងក្រុងសែនមនោរម្យ នាថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា គ.ស ឆ្នាំ២០១៨។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការដែល មកជួបបងប្អូនអាជីករ និងប្រជាពលរដ្ឋនៅផ្សារសែនមនោរម្យ គឺដើម្បីពិនិត្យវឌ្ឍនៈភាព នៃដំណើរការរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារឡើងវិញ ក៏ដូចជាការផ្សព្វផ្សាយអំពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ដី ផ្សារនេះជូនបងប្អូន។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា” ដើម្បីឲ្យ ផ្សារសែនមនោរម្យនេះ អាចដំណើរការបាន ក៏សូមឲ្យ ពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញ ក្នុងការរៀបផ្លូវឲ្យបានធំទូលាយ រៀបចំ ប្រព័ន្ធលូ តភ្ជាប់អគ្គិសនី និងតភ្ជាប់ប្រព័ន្ធទឹកតាមផ្ទះ និងធ្វើការវាស់វែងដីជូនពលរដ្ឋដោយឥតគិតថ្លៃសេវា ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។ ជាងនេះទៅទៀត ឯកឧត្តម អភិបាលខេត្ត បានស្នើរដល់ពលរដ្ឋ ត្រូវសហការជាមួយមន្រ្តីជំនាញ ក្នុងការបំពេញបែបបទឯកសារនានា ដើម្បីបានប័ណ្ណកម្មសិទ្ធដីស្របច្បាប់ ត្រូវដោះស្រាយទំនាស់ ដើម្បីធ្វើយ៉ាងណាឲ្យ មន្រ្តីជំនាញ ចុះវាស់វែងដីជូនពលរដ្ឋបានឆាប់ រហ័ស។
លោក ម៉ៅ ចិនតុង តំណាងអាជីវករ និងប្រជាពលរដ្ឋក្នុងផ្សារសែនមនោរម្យ ក៏បានសម្ដែងការត្រេកអរយ៉ាងខ្លាំង ដែលអាជ្ញាធរខេត្ត ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំសណ្តាប់ធ្នាប់ ដីផ្សារចែកជូនពលរដ្ឋជាង២០០គ្រួសារ បានប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ស្របច្បាប់។ លោកក៏បានជូនពរដល់ រាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្ត សូមមានសុខភាពល្អ ដើម្បីដឹកនាំប្រទេសជាតិនិងបង្កើនការអភិវឌ្ឍន៍ឲ្យបានរីកចម្រើន បន្ថែមទៀត៕