ភ្ញាក់ព្រើត! ពេលឃើញចោរប្លន់៤នាក់ត្រូវដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីជាប់បានជាង១ខែ
ភ្នំពេញ៖ ប្រជាពលរដ្ឋភ្ញាក់ផ្អើលនៅពេលដែលឃើញក្រុមចោរប្លន់៤នាក់ក្នុងចំណោម៥នាក់ ដែលអធិការខណ្ឌដង្កោទើបតែចាប់បញ្ជូនទៅឲ្យតុលាការឲ្យដាក់គុកបាន១ខែ៨ថ្ងៃសោះ ស្រាប់តែចេញមកវិញជប់លៀងផឹកស៊ីអបអរផ្អើលអ្នកស្រុក។
ជនត្រូវចោទជាចោរប្លន់ទាំង៤នាក់ដែលទើបតែចេញពីគុកជាបណ្តោះអាសន្នកាលពីថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៩ រួមមាន៖ ទី១ឈ្មោះ ឃុន សៀកម៉ី ភេទប្រុស អាយុ១៩ឆ្នាំ,ទី២ឈ្មោះ អឿង ឈុនលី ភេទប្រុស អាយុ ២៨ឆ្នាំ,ទី៣ឈ្មោះ អឿង វីរ: ហៅ ចយ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ និងទី៤ឈ្មោះ សុំ ពិសិដ្ឋ ហៅ ឈីត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មុនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ជនត្រូវចោទទាំង៤នាក់ខាងលើ និងម្នាក់ទៀតឈ្មោះ ស្រេង ថុនា ហៅ គុជ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (កំពុងជាប់គុក) ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការខណ្ឌឃាត់ខ្លួនក្នុង បទល្មើសជាក់ស្តែងវាយប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ នៅត្រង់ចំណុចមុខសួនឧស្សាហ៍កម្មវឌ្ឍនៈពីរ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ។
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ហុង សុគុណវឌ្ឍនា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនពួកគេជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសក្រោមបទចោទ” លួចមានស្ថានទម្ងន់ទោស” (ប្លន់)។
បន្ទាប់ពីឃុំខ្លួនបាន២៨ថ្ងៃនៅពន្ធនាគារ មានជនត្រូវចោទ៤នាក់ ដែលជាប់គុកក្នុងសំណុំរឿងឧក្រិដ្ឋជាមួយគ្នានេះ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នវិញ។
ក្រុុមប្រជាពលរដ្ឋ និងមន្ត្រីនគរបាលមូលដ្ឋាន ថ្លែងប្រាប់អ្នកសារព័ត៌មានទាំងហួសចិត្តថា ហេតុអ្វីបានជាក្រុមចោរប្លន់ដែលនគរបាលខំដេញប៉ផាប់ចាប់ពភីង យ៉ាងជាក់ស្តែងបែរជាជាប់គុកឆាប់ចេញម្ល៉េះ?
នគរបាលមូលដ្ឋានបានបញ្ជាក់ថា ក្រុមជនត្រូវចោទជាចោរប្លន់ខាងលើគឺសុទ្ធតែពាក់ព័ន្ធបទល្មើសគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន។
ពាក់ព័ន្ធករណីដោះលែងក្រុមចោរប្លន់ដែលលោកជាអ្នកដេញចាប់ផ្ទាល់ដៃនេះវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់អ្នកសារព័ត៌មានថា «ទំរាំតែចាប់ពួកក្រុមចោរប្លន់ខាងលើនេះបាន ត្រូវប្រើពេលយូរណាស់។ នគរបាលតាមទាំងយប់ទាំងថ្ងៃ។ កម្លាំងនគរបាលអត់បានដេកបានពួនទេ ដល់តែតុលាការលែងវិញចឹង ខ្ញុំក៏អត់ដឹងដែរ ព្រោះវាជាឆន្ទានុសិទ្ធិរបស់តុលាការ»៕