រថយន្ដបែនដឹកដីបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈដែលកំពុងជិះម៉ូតូឌុបគ្នាក៏ត្រូវរថយន្ដបែនដឹកដីបុកពីក្រោយ និងអូសជាង ៥០ម៉ែត្រ
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ០៧និង៣០នាទី យប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៣ ត្រង់ចំណុច ភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ចក់ សំណាង អាយុ ១៨ ឆ្នាំមុខរបរ នៅផ្ទះ មានទីលំនៅភូមិព្រៃកី(ក) សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានខ្ចីម៉ូតូមិត្ដភក្រ័ម៉ាក ហុងដាឌ្រីម ស៊េរី ២០១៧ ជិះគ្នា២ នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្ដបែនដឹកដីមិនចាំស្លាកលេខបុកពីក្រោយរួចអូសជាង៥០ម៉ែត្របណ្ដាលឲ្យបាក់កស្លាប់ម្នាក់ និង ម្នាក់ទៀតរងរបួសធ្ងន់ត្រូវរថយន្ដសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់ពីបង្កហេតុរថយន្ដបែនដឹកដីមិនបានឈប់នោះបានបន្ថែមល្បឿនយ៉ាងលឿនបើករត់គេចបាត់សម្រោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុដើម្បីជួយសម្រួលចរាចរណ៍ដោយសារតែស្ថានភាពផ្លូវងងឹត និងទាក់ទងសមត្ថកិច្ចជំនាញខណ្ឌចុះទៅវាស់វែងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕