សង្ស័យមេប៉ុស្តិព្រែកកំពឹសនិងមន្ត្រីនគរបាលមិនសូវល្បាតជាប់រវល់ដេកទើបក្រុមចោរប្លន់ជាញឹកញាប់នៅទឹកដីព្រែកកំពឹស
ភ្នំពេញ ៖ យុវជនមួយក្រុមត្រូវបានក្រុមជនសង្ស័យវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព មិនរំខានដល់ដំណេកសមត្ថកិច្ចណាម្នាក់ឡើយ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែមេសាឆ្នាំ២០១៩ នៅចំណុច មុខបុរីពិភពថ្មី ជិតរង្វង់មូលគួរស្រូវ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ យ៉ាន់ ពៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកឡាន ស្នាក់នៅម្តុំជិតស្តុបទួលពង្រ ក្នុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ និងមានស្រុកកំណើតនៅភូមិព្រះម្លូ ឃុំព្រៃស្លឹក ស្រុកពារាំង ខេត្តព្រៃវែង។
ចំណែកម៉ូតូដែលក្រុមចោរប្លន់យកទៅនោះ ម៉ាកឌ្រីមសង់ សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1K.1211 ។
បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូមួយគ្រឿងជាមួយនិងមិត្តភ័ក្តរួមដំណើរម៉ូតូ២គ្រឿងទៀត មានគ្នា៤នាក់បានចេញពីការផឹកសុីនៅក្នុងបុរីពិភពថ្មីចំការដូង ក្នុងគោលបំណងជូនមិត្តភ័ក្តទៅកន្លែងដេកនៅចំណុចជិតកន្លែងកើតហេតុខាងលើ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ខណៈមកដល់មុខរោងចក្រស្រាបៀរកម្ពុជា ក៏លិចមុខជនសង្ស័យ៣នាក់ជិះម៉ូតូ ហុងដា ZOOMER.X មិនចាំពណ៌ មិនចាំស្លេកលេខ ជិះគ្នាបីនាក់មកពីក្រោយ ស្មានតែអ្នកដំណើរធម្មតា ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ ក៏ដេញវាយនិងខ្សែរក្រវ៉ាត់ គប់ដុំថ្ម ហើយរូបគាត់ក៏យកដៃរងត្រូវមួយដុំថ្មរងរបួសចេញឈាម ហើយរូបគាត់ក៏ផ្តួលម៉ូតូចោលស្ទុះរត់ចេញយកតែរួចខ្លួន ។
គ្រានោះជនសង្ស័យបានឪកាសល្អក៏ចុះលើកយកម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព ។
ក្រោយកើតហេតុយុវជនរងគ្រោះបានត្រឹមតែឈរភាន់ភាំងសោកស្ដាយម៉ូតូនិង ឲ្យមិត្តភ័ក្តដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកជនសង្ស័យយកមកផ្ដន្ទាទោសតាមនីវិធី ៕