Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សម្ដេចក្រឡាហោមបញ្ជាឱ្យបោសសម្អាតគ្រឿងញៀនឱ្យអស់ ត្រឹមឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ និង តាមទីប្រជុំជន

ភ្នំពេញ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែ​បោសសម្អាតគ្រឿងញៀនឱ្យអស់ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជនទូទាំងប្រទេសកម្ពុជា ត្រឹម២០១៩នេះ ឱ្យខាងតែបាន។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្នុងឋានៈជាប្រធានយុទ្ធនាការ​ប្រឆាំងគ្រឿងញៀនខុសច្បាប់ បានគូសបញ្ជាក់ថា ការបង្ក្រាបគ្រឿងញៀនត្រូវតែធ្វើដោយឆន្ទៈ និងការទទួលខុសត្រូវ
ខ្ពស់ទៅតាមវិជ្ជាជីវៈ ហើយត្រូវបង្ក្រាបទាំងអស់មិនត្រូវស្ទើរ​ស្ទាក់នោះឡើយ។ សម្ដេចព្រមានចំពោះមន្រ្តីទាំងឡាយណា​បើហ៊ាននៅក្រោយខ្នងចំពោះបទល្មើសផងដែរ។
#ការដាក់បទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅបន្ដឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានភស្ដុភារ និងហរិញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។#សម្ដេចក្រឡាហោម ស ខេង បានបញ្ជាយ៉ាងដូច្នេះថា «ឆ្នាំ២០១៩គឺជាឆ្នាំដែលក្ដៅ ដែលយើងត្រូវរួមគ្នាធ្វើមិចបោសសម្អាតគ្រឿងញៀន នៅរាជធានីភ្នំពេញ និងតាមទីប្រជុំជន ហើយជាឆ្នាំដែលយើងត្រូវទប់ស្កាត់មិនឱ្យមានគ្រឿងញៀន ទៅតាមទីជនបទដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ ការពារសុខភាពសង្គមយើង»។#សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ការបង្ក្រាបគ្រឿងញៀនមិនត្រូវគិតថា ប៉ះខ្សែអ្នកណានោះទេ គឺត្រូវតែបង្ក្រាបទាំងអស់ឱ្យខាងតែបាន ព្រោះបើមិនដូច្នេះទេសង្គមកម្ពុជា ច្បាស់ជាច្របូកច្របល់ដោយសារតែឥទ្ធិពលនៃគ្រឿងញៀន។#សូមជម្រាបថា ឆ្នាំ២០១៩នេះ គឺជាយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការចំនួន៧ចំណុចសំខាន់ៗ សម្រាប់អនុវត្តក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។#ក្រៅពីវិធានការសម្រាប់អនុវត្តហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបែងចែកចាត់ការងារអនុវត្តផងដែរ រួមមាន៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធានយុទ្ធនាការ និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធានយុទ្ធនាការ៕