ស្ទាក់ប្លន់ម៉ូតូ២លើកពេលតែមួយមិនបានសម្រេចត្រូវកម្លាំងសមត្ថកិច្ច ខណ្ឌ ដង្កោក្របួចបានចាប់វាយខ្នោះ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ខណ្ឌដង្កោ ឃាត់ខ្លួន ជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូពីរលើកជាប់គ្នាតែមិនបានសម្រេច ៖ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០១៩នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ទី០១ ឈ្មោះ ជា ស្រីណាល់ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់កំរាលព្រំ មានទីលំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ,និង ជនរងគ្រោះទី០២ ឈ្មោះ យឹម វណ្ណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយឡែកជនសង្ស័យមានឈ្មោះ អ៊ុំ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ២០E1 ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបន្តថា នៅព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៧និង២៥នាទី ជនរងគ្រោះឈ្មោះ ជា ស្រីណាល់ និងប្តីឈ្មោះ សុខ សុខុន បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA-2061 ឌុបគ្នា ចេញពីផ្ទះនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅលក់កំរាលព្រំនៅផ្សារបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលនោះជនរងគ្រោះឈ្មោះ ជា ស្រីណាល់ និងប្តីជិះម៉ូតូតាមផ្លូវបេតុងបានប្រហែល១០០ម៉ែត្រ ពីផ្ទះស្រាប់តែជួបជនសង្ស័យឈ្មោះ អ៊ុំ ប្រុស កំពុងឈរនៅលើផ្លូវបេតុង ហើយក៏បានដោះស្បែកជើងផ្ទាត់ ពណ៌ឈាមជ្រូក គប់ត្រូវភ្នែកខាងឆ្វេងរបស់ជនរងគ្រោះឈ្មោះ ជា ស្រីណាល់ ដែលកំពុងជិះម៉ូតូជាមួយប្តីបណ្តាលអោយជាំភ្នែកខាងឆ្វេង ។ បន្ទាប់មកឈ្មោះ សុខ សុខុន (ប្តីរបស់ជនរងគ្រោះ) បានឈប់ម៉ូតូស្រែកអោយប្រជាពលរដ្ឋជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ច ហើយជនសង្ស័យក៏បានរត់គេចខ្លួនទៅខាងកើត ដល់ចំណុចមុខការដ្ឋានសាងសង់ផ្ទះល្វែង ស្ថិតនៅភូមិកំរៀង ដែលមានចំងាយពីកន្លែងកើតហេតុទី០១ ប្រវែងប្រហែល២០០ម៉ែត្រ ក៏បានជួបជនរងគ្រោះម្នាក់ទៀតឈ្មោះ យឹម វណ្ណា កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GH-8007ម្នាក់ឯងពីលិចទៅកើត ជនសង្ស័យក៏បានស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះឈ្មោះ យឹម វណ្ណា ចាប់ដៃម៉ូតូរបស់ជនរងគ្រោះ បណ្តាលអោយដួលរួចស្រែកសំឡុតគំរាមជនរងគ្រោះឈ្មោះ យឹម វណ្ណា អោយចេញឆ្ងាយ ពីរូបគេ (ជនសង្ស័យ) រួចជនសង្ស័យក៏បានលើកម៉ូតូជិះគេចខ្លួន ។ ហើយជនរងគ្រោះឈ្មោះ យឹម វណ្ណា ក៏បានស្រែកឆោឡោ អោយអ្នកជិតខាងជួយ ភ្លាមនោះកម្លាំងសមត្ថកិច្ចដែលកំពុងតែជិះម៉ូតូល្បាតក្បែរនោះ ជួយអន្តរាគមន៍ដេញស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើរួមនិងភស្តុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង តាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពវ៉ៃយកម៉ូតូរបស់ជនរងគ្រោះទាំង០២នាក់ខាងលើប្រាកដមែន ហើយជនរងគ្រោះទាំង០២នាក់ក៏បានមកដាក់ពាក្យ បណ្តឹងដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។ បច្ចប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌដង្កោរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចប្រគល់ជួនជនរងគ្រោះវិញ ៕