ឡើងផ្សាដំបូលខ្វះការប្រុងប្រយ័ត្នភ្លាត់ស្នៀតខ្សែរភ្លើងឆក់ធ្លាក់របួសធ្ងន់
ភ្នំពេញ៖ បុរសជាងផ្សារដែកម្នាក់ឡើងផ្សារដំបូលសំយ៉ាបផ្ទះត្រូវខ្សែភ្លើងឆក់ធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ រស្មី អាយុ ២២ ឆ្នាំមុខរបរ ជាងផ្សាដែក ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្ដតាកែវ ។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះនិងជាង២នាក់ទៀតបានម៉ៅការធ្វើផ្សាដំបូលសំយ៉ាបផ្ទះកន្លែងកើតហេតុខាងលើ បន្ទាប់ពីផ្សាតសំយ៉ាបរួចនោះ នៅព្រឹកថ្ងៃកើតហេតុជនរងគ្រោះនិងជាងម្នាក់ទៀតបានមកធ្វើការធម្មតា លុះដល់វេលាកើតហេតុជនរងគ្រោះបានឡើងទៅលើដំបូលសំយ៉ាប់ដើម្បីប្រក់សង្ក័សី ស្រាប់តែកំពុងរៀបចំមិនប្រយ័ត្នព្រីភ្លើងប៉ះជាមួយសង្ក័សីបណ្ដាលឲ្យឆ្លងចរន្ដអគ្គីសនីឆក់ជនរងគ្រោះធ្លាក់ចុះមកក្រោមបណ្ដាលឲ្យរងរបួសធ្ងន់ ។
ក្រោយកើតហេតុភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាយកជនរងគ្រោះទៅកប់ក្នុងដីខ្សាច់ជួយសង្គ្រោះបឋម រួចក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុរួចក៏បានទាក់ទងរថយន្ដសាម៉ុយរបស់មន្ទីពេទ្យបង្អែកដង្កោ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅ ពេទ្យ លោកសង្ឃ ដើម្បីជួយសង្គ្រោះជីវិតរបស់ជនរងគ្រោះ ៕