ចាប់ខ្លួនមន្ដ្រីយោធាផ្កាយ១ម្នាក់និងប្រពន្ធ បោកលុយប្រជាពលរដ្ឋរាប់មុឺនដុល្លា
ភ្នំពេញ៖ លោក ឃួន សុវណ្ណ មន្ដ្រីយោធាផ្កាយ១ មានតួនាទីជានាយករង អធិការដ្ឋាន នៃអគ្គបញ្ជាការ និងប្រពន្ធ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស តាមចាប់ខ្លួនបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើន នាក់ ដែលរស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយចោទប្រកាន់បោកប្រាស់លុយរាប់ម៉ឺនដុល្លារ ជាថ្លៃរត់ការឲ្យកូនចៅរបស់ពួកគេ ចូលបម្រើការងាររដ្ឋបានជាដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀនជាដើម។
មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងប្រាប់ បណ្ដាញព័ត៌មាននៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ និងភរិយាឈ្មោះ ទ្រី ណាត ដែលប្រភពព័ត៌មានខ្លះថាក៏ជាមន្ដ្រីនគរបាលម្នាក់ នៅក្រសួងមហាផ្ទៃនោះ បានឃាត់ខ្លួននិងកំពុង ធ្វើការសួរនាំដើម្បីចាត់វិធានការតាមច្បាប់។
យោងតាមរបាយការណ៍ដែលទទួលបានពីប្រជាពលរដ្ឋជាច្រើននាក់ អោយដឹងថា ខ្លះចាញ់បោកចាប់ពី១,៥០០ដុល្លាររហូតដល់ជាង៦,០០០ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឲ្យបានចូលធ្វើជានគរបាល រឺ ជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម។ បើទោះបីទំហំទឹកប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រាកដ ប៉ុន្ដែចន្លោះពី១០ទៅ២០ម៉ឺនដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ។
យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋជាច្រើននាក់ ធ្លាក់ខ្លួនក្នុងអំពើឆបោកដោយសារពីរនាក់ប្ដីប្រពន្ធនេះ ព្រោះតែប្រជាពលរដ្ឋស្គាល់ពួកគេធ្លាប់បានចុះចែកអំណោយ ជូនប្រជាជននៅតំបន់ដាច់ស្រយាលជាច្រើនលើក ទើបជឿទុកចិត្ត និងបានពឹងពាក់យ៉ាងនេះទេ។
ប្រភពពីប្រជាពលរដ្ឋរងគ្រោះថាខ្លះបានលក់គោក្របី និងដីស្រែចំការ ដើម្បីយកលុយទៅឲ្យពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រត់ការចូលបម្រើការងាររដ្ឋ ប៉ុន្ដែនៅទីបំផុតត្រូវចាញបោកគេទៅវិញ៕