រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអះអាងថា ការបង្ហោះព័ត៌មាននៅលើ Facebook មិនត្រូវបានច្បាប់ការពារនោះទេ
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអះអាងថា ការបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមFacebook មិនត្រូវបានច្បាប់ការពារនោះទេ ខណៈដែលមានអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការបង្ហោះ ការអត្ថាធិប្បាយ និងចែកចាយព័ត៌មាននៅលើបណ្តាញសង្គម Facebook មិនមែនជាការផ្សាយព័ត៌មាន ដែលត្រូវការពារដោយច្បាប់ ស្តីពីរបបសារព័ត៌មាននោះទេ ប៉ុន្ដែអ្នកសារព័ត៌មាន តាមទូរទស្សន៍ តាមវិទ្យុ កាសែត និងសារព័ត៌មាន Online គឺមានការពារដោយច្បាប់របបសារព័ត៌មានជាធរមាន។
-ការអះអាងនេះ បន្ទាប់ពីឧត្តមក្រុមប្រឹក្សា
ពិគ្រោះនិងផ្តល់យោបល់បានបង្ហាញការងឿយឆ្ងល់នៅពេលដែលអ្នកលេងFacebookមួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មានហើយធ្វើការបង្ហោះចែកចាយផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។
-ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ លោក ពេជ្រ ស្រស់ បានប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះលោកបានពន្យល់អំពីតួនាទីរបស់សារព័ត៌មាននិងស្ថាប័នព័ត៌មានដែលត្រូវការពារដោយច្បាប់។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់អ្នកលេង Facebook ត្រូវគិតពេលបញ្ចេញមតិ ត្រូវមានការទទួលខុសត្រូវមួយ រាល់ការបង្ហោះប៉ះពាល់សិទ្ធអ្នកដទៃ៕