Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អភិបាលខណ្ឌមានជ័យ​ ច្រានចោលចំពោះហ្វេសប៊ុក​ឈ្មោះ​ “អធិរាជ​ មហាសាច់​”​ ដែល​បង្ហោះចោទប្រកាន់រូបលោក

ភ្នំពេញ​ ៖ លោក​ ពេជ្រ​ កែវមុនី​ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ​ ប្រកាសច្រានចោល​ និងបដិសេធ​ទាំងស្រុង បន្ទាប់ពី​គណនេយ្យ​ហ្វេសប៊ុកឈ្មោះ​ “​អធិរាជ​ មហាសាច់​” ដែលបានបង្ហោះព័ត៌មានក្នុងន័យមួល​បង្កាច់​ ចោទប្រកាន់​ លាបពណ៍រូបលោកថា​” ស៊ីសំណូក សូកប៉ាន់បង់ប្រាក់ប្រចាំខែ ពីទីតាំង​ម៉ាស្សា​កោសជប់នៅគល់ស្ពានស្ទឹងមានជ័យ” និងទាមទារ​ឲ្យម្ចាស់​គណនេយ្យ​នេះរកភស្តុតាង និងសាក្សី មកបញ្ជាក់ បង្ហាញ បើមិនដូច្នោះទេ លោកនឹងរៀបចំពាក្យបណ្តឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់ ដោយមានខ្លឹមសារទាំងស្រុងថា​ “ក្នុងនាមខ្ញុំអភិបាលខណ្ឌមានជ័យ សូមបដិសេធទាំងស្រុងក្នុងការចោទប្រកាន់ថាខ្ញុំឃុបឃិតស៊ីសំណូកសូកប៉ាន់បង់ប្រាក់ប្រចាំខែជូនខ្ញុំពីទីតាំងមួយនេះ ។

លោក​ ពេជ្រ​ កែវមុនី​ បន្តថា​ ៖ ម្ចាស់ Account មួយនេះត្រូវរកភស្តុតាងអោយឃើញ បើមិនដូច្នោះ ខ្ញុំនឹងប្តឹងពីបទបរិហាកេរ្តិ៍ខ្ញុំ ។ កន្លងមកខ្ញុំតែងតែបញ្ជារទៅគ្រប់មន្ត្រី និងគ្រប់សមត្ថកិច្ចក្រោមឱវាទទាំងអស់ ត្រូវលុបបំបាត់អោយខានតែបានរាល់បញ្ហាឧបាយមុខនានាដែលមាននៅតាមមូលដ្ឋាន ។​ លោកបានបញ្ជាក់ឡើងវិញថា រាល់ទីតាំងអាជីវកម្ម សេវាកម្មគ្រប់ប្រភេទទាំងអស់ ទាំងស្របច្បាប់ ទាំងមិនស្របច្បាប់ទាំងអស់ ខ្ញុំគ្មានពាក់ព័ន្ធនឹងផលប្រយោជន៍នៅកន្លែងទាំងនោះឡើយ ។

បើបងប្អូនណាបានដឹងថាកន្លែងណាមួយ​មានពាក់ព័ន្ធនឹងឈ្មោះខ្ញុំ ឬតួនាទីខ្ញុំនោះសូមរាយការណ៍ជូនខ្ញុំ ឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការច្បាប់ ព្រោះខ្ញុំយល់ថា វាជាអំពើមួលបង្កាច់ ឬលាបពណ៌ខ្ញុំ ក្នុងគោលបំណងបន្សាបឥន្ធិរបស់ខ្ញុំប៉ុណ្ណោះ ដើម្បីក្នុងគោលបំណងណាមួយដែលពួកគេចង់បាន ។

ការច្រានចោលការ​ចោទប្រកាន់​ខាងលេី​នេះ​ គឺបន្ទាប់ពីមាន​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ​ “អធិរាជ​ មហាសាច់​”​ បានបង្ហោះ​ចោទប្រកាន់ទៅលេីលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ កាលពីវេលាម៉ោង​០៨និង៤៦យប់​ថ្ងៃទី២៥​ខែមេសា​ ឆ្នាំ២០១៩​ដោយមានខ្លឹមសារទាំងស្រុងថា​ “គល់ស្ពានស្ទឹងមានជ័យយើងហ្នឹងតែមួយសុិច ៣មុីន​រៀលទេ! អភិបាលខ័ណ្ឌមានជ័យ នៅតែបន្តប្រព្រឹត្តអំពើពុករលួយ បើកដៃ ឱ្យពួកយួនបើកហាងស្រីខូច ដោយដាក់ផ្លាកខាងក្រៅ ថា ៖ មានលក់កាហ្វេនិងភេសជ្ជៈគ្រប់មុខ តែចូលដល់ក្នុង សុទ្ធតែស្រីខូចយួននិងខ្មែរចំរុះ។ ប្រជាពលរដ្ឋនៅទីនោះសង្ស័យនិង​និយាយប្រាប់ខ្ញុំថា៖ ម្ចាស់ហាងប្រហែលជាខ្សែធំហើយ មើលទៅ បានជាគ្មានសមត្ថកិច្ចណាហ៊ានទៅបង្ក្រាបនៅទីនោះសោះ។ ចំណែក អ្នកដែលធ្លាប់ទៅវ៉ៃសិចនៅទីនោះ គាត់បាននិយាយតៗគ្នានៅរោងកាហ្វេផ្សេង ថា៖ សមត្ថកិច្ចបង្ក្រាបយ៉ាងមិចកើត បើម្ចាស់ហាងបង់លុយឱ្យអភិបាលខ័ណ្ឌស្ទឹងមាន​ជ័យ​ រាល់ខែហ្នឹង ស្រុកខ្មែរយើងលូវអញ្ចឹង។ #ប្រភពfb​” នេះគ្រាន់តែការលេីកឡេីង​របស់​គណនេយ្យ​ហ្វេសប៊ុក​មួយឈ្មោះថា​ “​អធិរាជ​ មហាសាច់​”​ ដែលគេស្គាល់ថា​ជា
សកម្មជនហ្វេសប៊ុករបស់លោក​ ព្រំ​ សាន​ ដែលតែងតែបង្ហោះព័ត៌មាន​វាយប្រហារ និងជាន់ពន្លិច គេឯងតាមបណ្ដាញសង្គម ជា​រេីយៗ។

ជាមួយ​គ្នានេះ​ លីនី​ សម័យតេជោ​ បានឆ្លើយតបវិញ​នៅវេលាម៉ោង​ជាង០៦ព្រឹកថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០១៩នេះថា លោក ពេជ្រ កែវមុនី ឆ្លើយចំពោះគណនេយ្យ​ហ្វេសប៊ុក​ អធិរាជ មហាសាច់ ដែលបានចោទប្រកាន់លោកប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យបើក​ពេស្យាចារ និងទាមទារអោយម្ចាស់អាខោន​រកនេះរកភស្តុតាង និងសាក្សីមកបញ្ជាក់ បង្ហាញ បើមិនដូច្នោះទេ លោក ពេជ្រ​ កែវ​មុនី​ នឹងរៀបចំពាក្យបណ្តឹងចាត់វិធានការណ៍​ទៅតាមផ្លូវច្បាប់ !

ប្រសិនបើម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​រូបខាងលេីនេះ យកព័ត៌មានមួយនេះមកបង្ហោះចែកចាយបន្ត សូមរកប្រភពដើមឲ្យបានច្បាស់ផង ពីព្រោះការចោទប្រកាន់មួយ ចំពោះបុគ្គលណា ឬថ្នាក់ដឹកនាំរូបណា មាន​ន័យស្មើនឹងបរិហារកេរ្ត៍ !

លីនី​ សម័យតេជោ​ បន្តថា៖ ល្មមៗបានហើយ អស់លោកអ្នកខ្លះ ផុសវាយប្រហារនិងជាន់ពន្លិចមន្ត្រីពុករលួយតាមបណ្ដាញសង្គម ក្រែង​ធ្លាក់លុយខ្លះបិតមាត់ខ្លះ តែបើផុសវាយប្រហារមន្ត្រីស្អាតស្អំ សូម្បីតែលុយផឹកទឹកតែក៏គ្មានផង​ សូមជ្រាប។ ព្រោះលោកអភិបាលរូបនេះ ថ្វីត្បិតមិនសូវពូកែសំដែងបង្ហាញពីសកម្មភាព តែសំខាន់លោក​និយាយតិចធ្វើច្រើន ការរៀបចំតំបន់អនាធិបតេយ្យស្ទឹងមានជ័យ ទៅជាតំបន់អភិវឧ្ឍរីក​ចំរើនជាលំដាប់។

គួរជម្រាបជូនថា​ ថ្មីៗនេះ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអះអាងថា ការបង្ហោះព័ត៌មាននៅ​លើ Facebook មិនត្រូវបានច្បាប់ការពារនោះទេខណៈដែលមានអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វ​ផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង មាន​ប្រសាសន៍ថា ការបង្ហោះ ការអត្ថាធិប្បា​យ និងចែកចាយព័ត៌មាននៅលើបណ្តាញសង្គម Facebook មិនមែនជាការផ្សាយព័ត៌មាន ដែលត្រូវការពារដោយច្បាប់ ស្តីពីរបបសារព័ត៌មាននោះទេ ប៉ុន្ដែអ្នកសារព័ត៌មាន តាម​ទូរទស្សន៍ តាមវិទ្យុ កាសែត និងសារព័ត៌មាន Online គឺមានការពារដោយច្បាប់របបសារព័ត៌មានជាធរមាន។

ការអះអាងនេះ បន្ទាប់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានបង្ហាញការងឿយ​ ឆ្ងល់ នៅពេលដែលអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។

ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់អ្នកលេង Facebook ត្រូវគិតពេលបញ្ចេញមតិ ត្រូវមានការទទួលខុសត្រូវមួយ រាល់ការបង្ហោះប៉ះពាល់សិទ្ធអ្នកដទៃ៕​