រន្ធត់ណាស់!!ជិះម៉ូតូទាក់ជាមួយរឺម៉កដួលត្រូវរថយន្តមកពីក្រោយកិនស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់
ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូទាក់ជាមួយរុឺម៉កដួលចូលក្រោមកង់រថយន្តកិនអូសជិត១០ម៉ែត្របណ្ដាលស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់ ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៥០នាទីរសៀលថ្ងៃទី០៤ខែឧសភាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ត្រង់ចំណុចក្បែស្ពាន ដែកចំការដូង ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពយុវជនរងគ្រោះមានឈ្មោះ មុំ ភា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ២ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតខេត្តស្វាយរៀង។ ចំណែកម្នាក់ទៀតរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកLets ពណ៌ស លាយក្រហមពាក់ស្លាកលេខស្វាយរៀង1M-9575ឌុបគ្នាដោយធ្វើដំណើរទិសពីត្បូងទៅជើងតាមបណ្ដោយផ្លូវ២១៧ ខណៈមកដល់ចំណុចកើតហេតុបានទាក់ជាមួយរឺម៉កដឹងឥវ៉ាន់បណ្ដាលអោយជួលស្របពេលដែលរថយន្តធន់ធំ ពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ3A-3482បើកមកពីក្រោយក៏កិន អូសជិត១០ម៉ែត្រទាំងម៉ូតូនិងជនរងគ្រោះ២នាក់នៅក្រោមរថយន្ត ភ្លាមៗយុវជនរងគ្រោះម្នាក់ដែលជិះខាងក្រោយរមៀលចេញផុតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ គ្លីនិចសួរគ៌ាដឹងទៅព្យាបាល ចំណែក អ្នកបើកម៉ូតូត្រូវកង់រថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ ដោយឡែកតៃកុងរថយន្តចុះរត់គេចបាត់នៅសល់តែកម្មករលើកឥដ្ឋការ៉ូ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សម្រួលចរាចរណ៍និងទាក់ទងទៅសមត្ថកិច្ចជំនាញមកវាសវែងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕